កងកម្លាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើជំរំជនភៀសខ្លួននៅតំបន់ហ្កាហ្សា កាលពីថ្ងៃសុក្រ បន្ទាប់ពីការវាយប្រហារបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនទៅលើសាលារៀនមួយកន្លែងរបស់អង្គការសហប្រជាជាតិនៅទីនោះ ខណៈសង្រ្គាមបង្កឡើងដោយការវាយប្រហារមិនធ្លាប់មានពីមុនមករបស់ក្រុមហាម៉ាស លើអ៊ីស្រាអែល បានឈានចូលដល់ខែទីប្រាំបួន។

កិច្ចខិតខំប្រឹងប្រែងដើម្បីសម្របសម្រួលឲ្យមានបទឈប់បាញ់លើកដំបូងនៅក្នុងជម្លោះបង្ហូរឈាមចាប់តាំងពីការផ្អាករយៈពេលមួយសប្តាហ៍ កាលពីខែវិច្ឆិកាកន្លងទៅ ទំនងជានៅជាប់គាំង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានផ្តល់ផែនទីបង្ហាញផ្លូវថ្មី។ ក្រុមហាម៉ាស នៅមិនទាន់ឆ្លើយតបទៅនឹងសំណើរបស់លោក Biden នៅឡើយទេ ខណៈអ៊ីស្រាអែល បានបង្ហាញការបើកចំហ ចំពោះកិច្ចពិភាក្សា ប៉ុន្តែនៅតែប្តេជ្ញាចិត្តក្នុងការបំផ្លាញក្រុមសកម្មប្រយុទ្ធហាម៉ាស ប៉ាឡេស្ទីន។

ក្រសួងការបរទេសបាននិយាយថា នៅក្នុងការជំរុញផ្នែកការទូតថ្មី រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នឹងទៅធ្វើទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល និងដៃគូប្រចាំតំបន់សំខាន់ៗ មានប្រទេសអេហ្ស៊ីប ហ្ស៊កដានី និងប្រទេសកាតា ចាប់ពីថ្ងៃច័ន្ទ ក្នុងដំណើរទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ាលើកទីប្រាំបី ចាប់តាំងពីសង្រ្គាម បានចាប់ផ្តើម។
ខណៈតំបន់ហ្កាហ្សា ប្រឈមមុខទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល ពីដីគោក សមុទ្រ និងតាមអាកាស កាលពីថ្ងៃសុក្រ សាក្សីបាននិយាយថាជំរំ Nuseirat ក្នុងតំបន់ហ្កាហ្សាភាគកណ្តាល បានរងការវាយប្រហារជាថ្មីម្តងទៀត មួយថ្ងៃបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល លើសាលារៀនមួយកន្លែងដំណើរការដោយអង្គការសហប្រជាជាតិ។
វេជ្ជបណ្ឌិតមន្ទីរពេទ្យ Al-Aqsa Martyrs នៅជិតទីក្រុង Deir al-Balah បាននិយាយថា មនុស្សយ៉ាងហោចណាស់៤០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសកាលពីថ្ងៃព្រហស្បតិ៍ ដែលយោធាអ៊ីស្រាអែល បាននិយាយថាបានដាក់គោលដៅទៅលើក្រុមភេរវជន កំពុងលាក់ខ្លួននៅក្នុងបន្ទប់រៀនចំនួន៣៕
