ភ្នំពេញ ៖ កាអនុវត្តវិធានការច្បាប់ចំពោះបុគ្គលល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលទូទាំងប្រទេស នាយប់ថ្ងៃទី១១ ខែសីហាឆ្នាំ២០២១នេះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន ៤,១៥៤នាក់ ក្នុងនោះបានបញ្ជូនទៅកាន់តុលាការចំនួន១៣នាក់ បន្ទាប់ពីពួកគេបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ និងយានយន្តចំនួន ៩៩០គ្រឿង ពិន័យជាប្រាក់បានចំនួន២៦លានរៀល។
យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩(គ.អ.ក) បានបញ្ជាក់នៅព្រឹកថ្ងៃទី១២ ខែសីហានេះថា កាអនុវត្តវិធានការច្បាប់មានចំនួន ២០៥៨ករណី ក្នុងនោះធ្វើការឃាត់ខ្លួនមនុស្សយកមកអប់រំ និងពិន័យចំនួន ៤,១៥៤នាក់ បានធ្វើការឃាត់យានយន្តចំនួន ៩៩០គ្រឿង ពិន័យជាប្រាក់ចំនួន ២៦.០០០០០០រៀល។
ចាប់ពីយប់ថ្ងៃទី៣០ ខែកក្កដារហូតមកដល់ថ្ងៃទី១២ ខែសីហានេះ អាជ្ញាធររាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ជាពិសេសខេត្តដែលនៅជាប់ព្រំដែនប្រទេសថៃ បានធ្វើការបិទបម្រាមគោចរអស់រយៈពេល១៤យប់មកហើយ (ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃ១៤ខែសីហា) ដើម្បីទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដបម្លែងថ្មី deltaនេះ ដែលបានកំពុងតែបន្តឆ្លងចូលសហគមន៍ជាបន្តបន្ទាប់។
យ៉ាងណាក៏ដោយក្រោយពីបញ្ចប់បម្រាមគោចររយៈពេល១៤ថ្ងៃមកហើយនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តនានា បានសម្រេចបន្តបិទបម្រាមគោចររយៈពេលមួយសប្តាហ៍ទៀត គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហាខាងមុខនេះ ក្នុងហេតុផលដដែល គឺដើម្បីប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសជំងឺបំប្លែងថ្មីប្រភេទដែលតានេះតែម្តង ខណៈវាបានកំពុងវាយលុកនៅក្នុងរាជធានី-ខេត្តនៃប្រទេសកម្ពុជាចំនួន១៧ហើយនោះ។
ក្នុងការអនុវត្តបម្រាមគោចរនេះដែរ កងកម្លាំងឯកភាពរាជធានី-ខេត្ត បានធ្វើការឃាត់ខ្លួនមនុស្សរាប់ពាន់នាក់ និងយានយន្តរាប់ពាន់គ្រឿង និងមនុស្សរាប់សិបនាក់បានបញ្ជូនទៅកាន់តុលាការផងដែរ បន្ទាប់ពីពួកគេបានប្រព្រឹត្តល្មើសធ្ងន់ធ្ងរ ផឹកស្រាស្រវឹងហើយបានជេរប្រមាថសមត្ថកិច្ចជាដើមនោះ៕
អត្ថបទបាន ចក់




