ប្រេសិតពិសេសរបស់ប្រទេសអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Gilad Erdan កាលពីថ្ងៃសុក្រ បាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានដាក់បន្ថែមយោធារបស់អ៊ីស្រាអែល ចូលទៅក្នុងបញ្ជីសកលនៃអ្នករំលោភបំពាន ដែលបានប្រព្រឹត្តទៅលើកុមារ ដោយចាត់ទុកសេចក្តីសម្រេចនោះថា «គួរឲ្យអាម៉ាស»។

លោក Erdan និយាយថា លោកត្រូវបានជូនដំណឹងដោយប្រធានបុគ្គលិករបស់លោក Guterres និងបានបង្ហោះវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អំពីលោកដែលឆ្លើយតបទៅនឹងសេចក្តីសម្រេចនេះ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ។ លោក ពិតជាភ្ញាក់ផ្អើលនិងសោកស្តាយ ចំពោះសេចក្តីសម្រេចដ៏អាម៉ាស់នេះ របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។ កងទ័ពរបស់អ៊ីស្រាអែល គឺជាកងទ័ពដែលមានសីលធម៌បំផុតនៅក្នុងពិភពលោក ដូច្នេះសេចក្តីសម្រេចដ៏អសីលធម៌នេះ នឹងជួយដល់ក្រុមភេរវករ និងផ្តល់ឱកាស ដល់ក្រុមហាម៉ាស។
ការចុះបញ្ជីសកល ត្រូវបានដាក់បញ្ចូលក្នុងរបាយការណ៍ស្តីពីកុមារនិងជម្លោះប្រដាប់អាវុធ ដែល នឹងកំណត់ពេលបញ្ជូនទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី ១៤ ខែមិថុនា។
របាយការណ៍ប្រចាំឆ្នាំរបស់លោក Guterres ទៅកាន់ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក១៥រូប ស្តីពីកុមារ និងជម្លោះប្រដាប់អាវុធ គ្របដណ្តប់លើការសម្លាប់ ការធ្វើទារុណកម្ម ការរំលោភបំពានផ្លូវភេទ ការចាប់ពង្រត់ ឬការជ្រើសរើសកុមារ ការបដិសេធក្នុងដំណើរការផ្តល់ជំនួយ និងការដាក់គោលដៅទៅលើសាលារៀន និងមន្ទីរពេទ្យ។
វានៅពុំទាន់ច្បាស់នៅឡើយនោះទេថា តើយោធាអ៊ីស្រាអែល ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានបែបណានោះ។
