ភ្លៀងធ្លាក់ខ្លាំង នៅថ្ងៃសៅរ៍ (ទី៨ ខែមិថុនា) នេះ បានបង្កឲ្យមានជាទឹកជំនន់យ៉ាងគំហុកភ្លាមៗ នៅក្នុងទីក្រុងធំជាងគេរបស់អូស្ត្រាលី គឺស៊ីដនី ដែលជំរុញឲ្យមានការជួយសង្គ្រោះ និងបញ្ជាជម្លៀសចេញ សម្រាប់តំបន់ទំនាបនៅជាយក្រុងមួយចំនួន។

អាជ្ញាធរគ្រាអាសន្នបានឲ្យដឹងថា ពួកគេបានជួយសង្គ្រោះមនុស្សចំនួន ១៣នាក់ និងបានទទួលការហៅទូរសព្ទសុំជំនួយចំនួន ២៩៧ដង ពីអ្នកស្រុកនៅក្នុងទីក្រុងស៊ីដនី ដែលជារដ្ឋធានីរបស់រដ្ឋ New South Wales ក្នុងរយៈពេល ២៤ម៉ោង ពោលគឺរហូតដល់ម៉ោង ៥ព្រឹក (ម៉ោងក្នុងស្រុក) ដោយសារតែមានទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។
អ្នកព្យាករណ៍អាកាសធាតុរបស់ប្រទេសនេះ បានព្រមានថា ទឹកជំនន់ធំអាចកើតឡើង នៅភាគពាយព្យនៃទីក្រុងស៊ីដនី ជាទីក្រុងដែលមានប្រជាជនប្រហែល ៥លាននាក់ នៅយប់ថ្ងៃសៅរ៍នេះ។

គួរបញ្ជាក់ថា ទឹកជំនន់ គឺជាប្រភេទគ្រោះមហន្តរាយធម្មជាតិដែលមានមនុស្សស្លាប់ច្រើនជាងគេទី២ បន្ទាប់ពីរលកកម្ដៅ ក្នុងប្រទេសអូស្ត្រាលី ដែលមានចំនួនប្រហែល ២០ភាគរយនៃការស្លាប់ដោយគ្រោះធម្មជាតិ រវាងឆ្នាំ១៩០០ និងឆ្នាំ២០២២។ នេះបើយោងតាមទីភ្នាក់ងារសេវាកម្មអាកាសធាតុរបស់រដ្ឋាភិបាលសហព័ន្ធអូស្ត្រាលី៕
