ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃសុក្រ (ទី៧ ខែមិថុនា) បាននិយាយថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបន្តការចរចា ស្ដីពីបញ្ហាអ៊ុយក្រែន ប៉ុន្តែការចរចានោះគួរតែផ្អែកលើកិច្ចព្រមព្រៀងដែលបានបង្កើតឡើងពីពេលមុន នៅទីក្រុង Minsk របស់ប្រទេសបេឡារុស និងទីក្រុង Istanbul របស់ប្រទេសទួរគី ក៏ដូចជាផ្អែកលើស្ថានភាពពិតបច្ចុប្បន្នផងដែរ។
ខណៈដែលឆ្លើយសំណួររបស់អ្នកសារព័ត៌មាន នៅក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទសេដ្ឋកិច្ចអន្តរជាតិ St. Petersburg លើកទី២៧ លោក ពូទីន បានបញ្ជាក់ថា៖ «ជម្លោះប្រដាប់អាវុធទាំងអស់ នឹងបញ្ចប់ដោយកិច្ចព្រមព្រៀងសន្តិភាព។ រុស្ស៊ីគ្មានបំណងចង់ធ្វើសង្គ្រាមជាមួយអ្នកណាទាំងអស់ ហើយអ្វីដែលរុស្ស៊ី ត្រូវការគឺសម្រេចបាននូវកិច្ចព្រមព្រៀងអាចទុកចិត្តបាន ដែលស្ថិតនៅក្នុងប្រយោជន៍ដោយផ្ទាល់របស់កិច្ចព្រមព្រៀងនោះ»។
នៅពេលនិយាយអំពីប្រទេសលោកខាងលិច ដែលជួយផ្ដល់ឲ្យអ៊ុយក្រែននូវអាវុធដែលកំណត់គោលដៅយ៉ាងជាក់លាក់រយៈចម្ងាយឆ្ងាយ និងអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធទាំងនោះ ដើម្បីវាយប្រហារលើដែនដីរបស់រុស្ស៊ី លោក ពូទីន បានប្រាប់ថា រុស្ស៊ីមានសិទ្ធិក្នុងការឆ្លើយតប និងផ្តល់អាវុធរយៈចម្ងាយឆ្ងាយទៅកាន់ផ្នែកផ្សេងទៀតនៃពិភពលោក ប៉ុន្តែរុស្ស៊ីមិនទាន់ធ្វើដូច្នេះនៅឡើយទេ ហើយក៏មិនមានបំណងធ្វើបែបនោះភ្លាមៗដែរ។
លោក ពូទីន បានបញ្ជាក់បន្ថែមថា គោលដៅទាំងអស់នៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នឹងត្រូវសម្រេចបាន ហើយអាចនឹងបង្កើនល្បឿនប្រតិបត្តិការយោធាពិសេស ប៉ុន្តែការធ្វើបែបនេះនឹងនាំឲ្យមានការខាតបង់បន្ថែមទៀត។ ការចំណាយផ្នែកយោធារបស់រុស្ស៊ី ត្រូវតែធ្វើឡើងឲ្យស្របតាមតម្រូវការបច្ចុប្បន្ន និងកម្រិតអភិវឌ្ឍន៍សេដ្ឋកិច្ច៕

