ភ្នំពេញ ៖ អំឡុងពេលនៃដំណើរការចុះឈ្មោះបោះឆ្នោតនេះ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គជប បានឲ្យដឹងថា ចំពោះភ្នាក់ងារសង្កេតការណ៍គណបក្សនយោបាយណាដែលមិនគោរពនីតិវិធី គជប នឹងរងការពិន័យ ឬឈានដល់ការសម្រេចដកបេក្ខភាពភ្នាក់ងារតែម្តង។
នៅថ្ងៃទី២ ខែតុលានេះ ក៏ថ្ងៃទី២នៃដំណើរពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចាប់ផ្តើមចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ដែលកំពុងប្រព្រឹត្តទៅនៅតាមបណ្តាឃុំ-សង្កាត់សរុបនៅទូទាំងប្រទេសចំនួន ១៤៩៦ ឃុំ-សង្កាត់ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គជប បានថ្លែងក្នុងសម្ភាសន៍ជាមួយ BTV នៅថ្ងៃនេះថា រយៈពេល២ថ្ងៃមកនេះ ដំណើរការចុះបោះឆ្នោតបានប្រកបដោយរលូន និងត្រឹមត្រូវទៅតាមផែនការ និងនីតិវិធីរបស់ គជប ប៉ុន្តែទន្ទឹមគ្នានោះមានគណបក្សនយោបាយខ្លះពុំបានអនុវត្តទៅតាមនីតិវិធីនៃទម្រង់បែបបទក្នុងនាមជាភ្នាក់ងារតំណាងគណបក្សនយោបាយចូលរួមសង្កេតការណ៍ចុះបោះឆ្នោតឡើយ។
ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ថា ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតនេះមានគណបក្សនយោបាយចំនួន៥ ដែលបានស្នើចូលរួមជាភ្នាក់ងារសង្កេតការណ៍ចុះបោះឆ្នោត ដោយក្នុងនោះប្រសិនគណបក្សនយោបាយណាមិនគោរពតាមនីតិវិធីរបស់ គជប នឹងត្រូវរងការពិន័យជាប្រាក់ ឬឈានដល់ការដកបេក្ខភាពជាភ្នាក់ងារចេញពីការិយាល័យចុះឈ្មោះបោះឆ្នោត។
ជាមួយគ្នានេះ លោក ឈុន គីមលាង ភ្នាក់ងារតំណាងគណបក្សប្រជាជនកម្ពុជា នៅសង្កាត់ជើងឯក និងលោកស្រី ចាន់ រស្មី ជាភ្នាក់ងារតំណាងគណបក្សប្រជាជនកម្ពុជា សង្កាត់ដង្កោ បានលើកឡើងថា អំឡុងសង្កេតការណ៍ជាភ្នាក់ងារតំណាងគណបក្សនយោបាយដាច់ខាតត្រូវអនុវត្តតាមនីតិវិធីរបស់ គជប ដើម្បីធានាភាពត្រឹមត្រូវ និងតម្លាភាពជូនគ្រប់ភាគីពាក់ព័ន្ធ។
ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតដែលកំពុងប្រព្រឹត្តទៅនៅតាមបណ្តាឃុំសង្កាត់ មានគណបក្សនយោបាយចំនួន៥ ដែលបានស្នើជាភ្នាក់ងារដើម្បីចូលរួមសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសម្ព័ន្ធលទ្ធិដើម្បីប្រជាធិបតេយ្យ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួមរួមជាតិ និងគណបក្សយុវជនកម្ពុជា។
សូមបញ្ជាក់ថា តាមការប៉ាន់ស្មានសម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០របស់ គជប ចំនួនប្រជាពលរដ្ឋគ្រប់អាយុដែលត្រូវចុះឈ្មោះបោះឆ្នោតសរុបនៅទូទាំងប្រទេសមានចំនួនប្រមាណ ៣០ម៉ឺននាក់ ដោយការចុះបោះឆ្នោតនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១នេះ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០៕
អត្ថបទ ៖ សេក ឧត្តម




