ដោយត្រូវហ៊ុមព័ទ្ធទៅដោយព្រៃឈើត្រសុំត្រសាយខៀវស្រងាត់ មនុស្សរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅជិតរបងលួសបន្លា នៅតាមបណ្តោយព្រំដែនប្រទេសបេឡារុស ដោយរង់ចាំឱកាសឡើងកាត់ ឬរុញរបងនោះចេញ ដើម្បីធ្វើដំណើរឆ្ពោះទៅភាគខាងលិចប្រទេសប៉ូឡូញ។

នៅម្ខាងទៀតនៃព្រំដែន ឆ្មាំព្រំដែន និងទាហានប្រដាប់អាវុធប៉ូឡូញ បានដើរ និងបើកឡានទៅមកចុះឡើង ដោយបន្តឃ្លាំមើលយ៉ាងកៀកកិតលើក្រុមមនុស្សនោះ ដែលភាគច្រើនជាយុវជនមកពីតំបន់មជ្ឈិមបូព៌ា ហើយអ្នកខ្លះត្រូវបានឃើញមានរបួសដោយសារមុតរបងលួសបន្លានោះ។
ភាពតានតឹង ជុំវិញជនអន្តោប្រវេសន៍ មានកាន់តែខ្ពស់ នៅទូទាំងទ្វីបអឺរ៉ុប ខណៈដែលគណបក្សស្តាំជ្រុលនិយម ដែលអំពាវនាវឲ្យមានការគ្រប់គ្រងកាន់តែតឹងរ៉ឹងនោះ ត្រូវប្រឈមតទល់នឹងចលនាកណ្តាលនិយម នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប ដែលកំពុងកើតមាននៅប្រទេសប៉ូឡូញថ្ងៃអាទិត្យនេះ។

នៅទីនេះ ធាតុផ្សំនៃភូមិសាស្ត្រនយោបាយ បានបន្ថែមចូលទៅក្នុងការប្រឈមមុខដាក់គ្នានោះដែរ។ ទាំងប៉ូឡូញ និងសហភាពអឺរ៉ុប បានចោទប្រកាន់បេឡារុស និងរុស្ស៊ីថា បានព្យាយាមធ្វើឲ្យភាពវឹកវររីករាលដាល ចាប់តាំងពីឆ្នាំ២០២១ មក ដោយជំរុញឲ្យជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែន ជាអ្វីដែលទីក្រុងវ៉ាសូវីហៅថា «សង្រ្គាមកូនកាត់»។ ទាំងទីក្រុងមីនស្ក៍ និងមូស្គូ បានច្រានចោលការចោទប្រកាន់នេះ។
ចំនួននៃការមកដល់របស់ជនអន្តោប្រវេសន៍ បានកើនឡើងនាពេលថ្មីៗនេះ។ នេះយោងតាមតួលេខរបស់រដ្ឋាភិបាលប៉ូឡូញ។ ហើយនៅសប្តាហ៍នេះ អ្វីដែលប៉ូឡូញចាត់ទុកថា ជាសង្រ្គាមនោះ ឃើញមានអ្នកបាត់បង់ជីវិត នៅពេលដែលទាហានល្បាតព្រំដែនម្នាក់ បានស្លាប់ បន្ទាប់ពីបានរងរបួសដោយសារការប្រឈមមុខដាក់គ្នាជាមួយជនអន្តោប្រវេសន៍ កាលពីថ្ងៃទី២៨ ឧសភា។
ជាការឆ្លើយតប រដ្ឋាភិបាលកណ្តាលនិយម និងគាំទ្រសហភាពអឺរ៉ុបរបស់នាយករដ្ឋមន្ត្រី លោក Donald Tusk បានប្រកាសពីផែនការដាក់ឲ្យប្រើប្រាស់ឡើងវិញនូវតំបន់មិនអនុញ្ញាតឲ្យមានមនុស្សចូលទៅ នៅតាមបណ្ដោយព្រំដែន៕
