វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ បានសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាកាន និងរដ្ឋបាលស្រុកបាកាន រៀបចំ កម្មវិធីផ្សព្វផ្សាយតម្រង់ទិសវិជ្ជាជីវៈដល់សិស្សានុសិស្ស តាមវិទ្យាល័យចំនួន៤ក្នុងស្រុកបាកាន ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ពុំ ចាន់ថា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាកានទទួលបន្ទុក ផ្នែកសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងឯកឧត្តម បណ្ឌិត ទី ថានី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាកានទទួលបន្ទុក ផ្នែកមន្ត្រីរាជការ គ្រូបង្រៀន និងយុវជន និងដោយមានការចូលរួមពី លោក ផាយ ឡេង អភិបាលស្រុកបាកាន លោក ង៉ែត តាត នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់និងក្រុមការងារ តំណាង ប.ស.ស ខេត្តពោធិ៍សាត់ និងអធិការនគរបាលស្រុកបាកាន។

លោក ង៉ែត តាត បានឱ្យដឹងថា កម្មវិធីផ្សព្វផ្សាយតម្រង់ទិសវិជ្ជាជីវៈដល់សិស្សថ្នាក់ទី១១ និងទី១២ តាមវិទ្យាល័យ ទាំង៤ស្រុកបាកាន រួមមានវិទ្យាល័យបាកាន វិទ្យាល័យរំលេច វិទ្យាល័យព្រះម្លូរ និងវិទ្យាល័យអូរតាប៉ោង គឺក្នុងគោលបំណង ដើម្បឱ្យសិស្សបានយល់ដឹងអំពីជំនាញបច្ចេកទេស ជាពិសេសអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវក្នុងការជ្រើសរើសមុខជំនាញរៀនបន្ត ងាយស្រួលរកការងារ ស្រមតាមតម្រូវការជាក់ស្តែង ។ ក្រៅពីនេះក៏មានបញ្ជ្រាប
ការយល់ដឹងអំពីគ្រឿងញៀន ច្បាប់ចរាចរណ៍ផ្លូវគោក និងបទបង្ហាញ់ពាក់ព័ន្ធនិងប័ណ្ឌ ប.ស.ស ផងដែរ ។

ឯកឧត្តម បណ្ឌិត ទី ថានី និង ឯកឧត្តម ពុំ ចាន់ថា មានប្រសាសន៍លើកឡើងថា ស្របតាមការវិវឌ្ឍន៍នៅលើសកលលោក ក៏ដូចជានៅកម្ពុជា ប្រជាពលរដ្ឋយើងមិនអាចរស់ដោយពឹងផ្អែកតែលើការធ្វើស្រែចំការតែមួយមុខនោះទេ ក្នុងការរកប្រាក់ចំណូល គឺត្រូវការចេះនូវចំណេះជំនាញបច្ចេកទេសផ្សេងៗ ដើម្បីមានការងារធ្វើ ក៏ដូចជាបង្កើតមុខរបរផ្ទាល់ខ្លួន ដូចនេះហើយទើបរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងជម្រុញអោយប្រជាពលរដ្ឋខ្មែរ ជាពិសេសគឺយុវជន ត្រូវរៀនជំនាញបច្ចេកទេសផ្សេងៗបន្ថែមទៀត ។ ជាក់ស្តែងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥ លាននាក់ ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ ដោយយុវជនមកពីគ្រួសារក្រីក្រ បានចូលរៀនវគ្គខ្លីនេះដោយមិនអស់ប្រាក់ ហើយទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែក្នុងកំឡុងពេលសិក្សាពីរាជរដ្ឋាភិបាលផងដែរ ។







ជាមួយគ្នានោះដែរឯកឧត្តម បណ្ឌិត ទី ថានី និង ឯកឧត្តម ពុំ ចាន់ថា សង្ឃឹមថាសិស្សថ្នាក់ទី១២ក្នុងស្រុកបាកានទាំងអស់ នឹងទទួលបានលទ្ធផលល្អក្នុងការប្រឡង នៅប៉ុន្មានខែខាងមុខនេះ ហើយបើទោះជាទទួលបានលទ្ធផលបែបណា ក៏មិនត្រូវអស់សង្ឃឹមដែរមិនថាប្រឡងជាប់ឬធ្លាក់ទេ ព្រោះបច្ចុប្បន្នក្មួយៗមានជម្រើសច្រើនដើម្បីស្វែងរកអនាគត់ល្អ ឱ្យតែមានឆន្ទៈ ដូចនេះហើយការចុះផ្សព្វផ្សាយតម្រង់ទិសវិជ្ជាជីវៈ គឺដើម្បីឱ្យក្មួយមានមូលដ្ឋានគ្រឹះក្នុងការសម្រេចចិត្តរៀបចំផែនការជីវិតឱ្យបានត្រឹមត្រូវ ៕អត្ថបទ៖ ភិរុណ ពៅ