កំពង់ធំ៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤, មានករណីលិចទូកចម្លងសិស្សសាលាមួយក្រុម ត្រង់ចំណុចភូមិ ត្នោតជួរ និងភូមិឈូក ឃុំឈូក ស្រុកបាសាទសំបូរ ខេត្តកំពង់ធំ។ លោក ឃីម សុខឃៀង អភិបាលស្រុកប្រាសាទសំបូរ ប្រាប់BTV ឲ្យដឹងថា ករណីលិចទូកនេះ នៅម៉ោង១០ និង៤០ នាទីព្រឹក ក្នុងអំឡុងពេលដែល សិស្សសាលាចេញរៀន ត្រឡប់ទៅផ្ទះវិញ។ លោកបញ្ជាក់ថា ក្រោយពីទទួលបានដំណឹងនេះភ្លាម គណៈបញ្ជាការឯកភាពស្រុក បានចាត់កម្លាំងសមត្ថកិច្ចដឹកនាំដោយលោក ឃួន វុទ្ធី អធិការនគរបាលស្រុក ចុះទៅដល់ទីតាំងកើតហេតុ។
លោកអធិការនគរបាលស្រុកប្រាទសំបូរ បញ្ជាក់ផងដែរ ករណីលិចទូកចម្លងនេះ កើតឡើង នៅកំពុងចម្លងចន្លោះភូមិត្នោតជួរ និងភូមិឈូក ក្នុងអំឡុងពេលដែលសិស្សានុសិស្សចេញពីរៀន នៅអនុវិទ្យាល័យឈូក ស្ថិតនៅភូមិឈួកគ្រោះ ឃុំឈូក ស្រុកប្រាសាទសំបូរ។ លោកបន្ថែមថា យុវជន និងយុវតី ដែលជិះនៅលើទូកមានចំនួនសរុប១៥នាក់ ស្រី១០នាក់ រៀនថ្នាក់ផ្សេងគ្នា មានថ្នាក់ទី៧ ថ្នាក់ទី៨ និងថ្នាក់ទី៩ ផងដែរ។
ក្នុងអំឡុងពេលការណូតនេះ ចេញដំណើរពីត្រើយខាងលិច ទៅត្រើយខាងកើត នៅពេលជិតដល់ ច្រាំងចម្ងាយប្រហែល១០ម៉ែត្រ ការណូតពន្លត់ម៉ាស៊ីន ហើយរួមជាមួយអ្នកជិះនៅមិនស្ងៀម ក៏បណ្តាលឲ្យទូក លិចផ្នែកខាងមុខ នៅពេលនោះចាប់ផ្តើមភ័យស្លន់ស្លោរ លូតចូលទៅក្នុងទឹកតែម្តង។ លោកបញ្ជាក់ថា ក្នុងចំណោមអ្នកជិះទាំង១៥នាក់ មានអ្នកមិនចេះហែលទឹកចំនួនពីរនាក់ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ និងអ្នករួមដំណើរជួយសង្គ្រោះបានម្នាក់ ឈ្មោះ ធឿន ស្រីពេជ្រ រៀនថ្នាក់ទី៧។ រីឯកុមារី ឈ្មោះ អ៊ីន សុភ័ក្រ រៀនថ្នាក់ទី៧ អាយុ១៣ឆ្នាំ រស់នៅភូមិជាំបឹង ឃុំស្រើង បានលិចបាត់តែម្តង។
ប្រជាពលរដ្ឋពលរដ្ឋ រួមជាកម្លាំងនគរបាល បានជួយស្វែងរក កុមារីនេះ រហូតដល់ម៉ោងជិត១រសៀល ទើបប្រទះឃើញសព ចម្ងាយប្រហែល១០០ម៉ែត្រ ពីទីតាំងកើតហេតុ។ ក្រោមពីធ្វើការពិនិត្យសពរួច បានប្រគល់ជូនគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។



