រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឯកឧត្តម សុខ សូកេន នៅក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរទេសចរណ៍ខេត្តសៀមរាប នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ បានលើកឡើងនូវអនុសាសន៍ណែនាំដល់មន្ទីរទេសចរណ៍ខេត្តសៀមរាប ឱ្យរៀបចំផ្ទះខ្លួនឯងឱ្យបានល្អ តាមរយៈការរៀបចំឡើងវិញ នូវការវិភាគមុខងារ និងរចនាសម្ព័ន្ធការងារក្នុងស្ថាប័ន ដើម្បីបង្កើនប្រសិទ្ធភាពការងារ។
ឯកឧត្តម សុខ សូកេន មានប្រសាសន៍ថា រដ្ឋាភិបាលបានធ្វើបច្ចុប្បន្នអំពីយន្តការក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា(CTB) ដែលនឹងដាក់ឱ្យដំណើរការក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍បន្ថែមទៀត។
ជាមួយគ្នានេះឯកឧត្តមក៏ស្នើឱ្យមន្រ្តីរាជការទាំងអស់ បំពេញការងារ ឱ្យកាន់តែមានប្រសិទ្ធភាព ព្យាយាមពង្រឹងសមត្ថភាពបន្ថែម និងរិះរកមធ្យោបាយ នានា ដើម្បីអភិវឌ្ឍន៍ស្ថាប័នឱ្យកាន់តែប្រសើរ។ ការងារនេះអាចធ្វើទៅបាន គឺអាស្រ័យលើការសាមគ្គីគ្នា យោគយល់ ជំរុញ និងការចូលរួមពីភាគីពាក់ព័ន្ធនានា។
ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យមន្ទីរទេសចរណ៍ខេត្តបន្តការគិតគូរពាក់ព័ន្នឹងខ្សែក្រវាត់បៃតង នៅតាមតំបន់ទេសចរណ៍សំខាន់ៗ ដែលប្រជាកសិករអាចដាំដុះបន្លែបង្ការ ត្រី សាច់គ្រប់ប្រភេទ ដើម្បីផ្គត់ផ្គង់ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្ត និងតំបន់ជុំវិញផងដែរ។ ឯកឧត្តមបន្តថា កិច្ចការនេះជាការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលរបស់ប្រជាកសិករ ស្របទៅនឹងកម្មវត្ថុ ការនាំចេញនៅនឹងកន្លែង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី បានរំលេចពីផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ខេត្ដសៀមរាប ឆ្នាំ២០២១-២០៣៥ ដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់ទេសចរណ៍ អាទិភាពខេត្តសៀមរាប មាន៦តំបន់ ជាពិសេសតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ជាគោលដៅទេសចរណ៍ជំនឿ សាសនា ធម្មជាតិ ផ្សងព្រេង ទេសចរណ៍ស្រាវជ្រាវ និងវិទ្យាសាស្ត្រផងដែរ៕