ឧត្តរមានជ័យ៖ ដោយមានការចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានដឹកនាំកម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះធ្វើការស្រាវជ្រាវកំណត់បានមុខសញ្ញាឈានដល់ការចាប់ឃាត់ខ្លួនក្មេងទំនើងចំនួន ០៥នាក់ និងដកហូតបានវត្ថុតាង មានកាំបិតខ្វែវ០២ និងកាំបិតប៉័ងតោ០១ ដែលបានធ្វើសកម្មភាព។
ក្មេងទំនើងទាំង០៥នាក់ មានឈ្មោ១-ឈ្មោះ ណុង ណយ ហៅ ថា មករា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង។ ២-ឈ្មោះ បូ ម៉ិញទី ហៅ ផាត់ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង។ ៣-ឈ្មោះ ចាន់ ចំរើន ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង។ ៤-ឈ្មោះ ម៉ិច សុភី ហៅ ភ្លោះ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិរួចចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង។ ៥-ឈ្មោះ វ៉ាង ស៊ីហៃ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង។
សូមបញ្ជាក់ថា នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤នេះវេលាម៉ោងប្រហែល ០២:០០នាទី នៅចំណុចផ្លូវលេខ២ ស្ថិតក្នុងភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បង្កឡើងដោយក្រុមក្មេងទំនើងខាងលើ ដែលប្រដាប់ដោយកាំបិតខ្វែវ និងកាំបិតប៉័ងតោ បាននាំគ្នាធ្វើសកម្មភាពព្រួតកាប់ទៅលើជនរងគ្រោះឈ្មោះ ធី ហុងដា ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង មុខរបរ ជាកម្មករ ជាច្រើនកាំបិត បណ្ដាលធ្វើឲ្យជនរងគ្រោះបានរងរបួសធ្ងន់ធ្ងរបន្ទាប់មកក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់ តែអស់ល័ក្ខត្រូវសមត្ថកិច្ចក្របួចបានភ្លាមៗនោះដែរ។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យទាំង ០៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕




