កងយោធា បាននិយាយថា កងទ័ពអ៊ីស្រាអែល បានជួយសង្រ្គោះចំណាប់ថ្នូរនៅរស់ចំនួន៤នាក់ ចេញពីកន្លែងចំនួន២នៅសង្កាត់អាល់នូសេរ៉ាត់ (al-Nuseirat) តំបន់ហ្កាហ្សាភាគកណ្តាល កាលពីថ្ងៃសៅរ៍ បន្ទាប់ពីពួកគេ ត្រូវបានចាប់ជាចំណាប់ថ្នូរ អស់រយៈ ៨ខែ ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស នៅក្នុងការវាយលុកដ៏បង្ហូរឈាមមួយ ចូលទៅក្នុងប្រទេសអ៊ីស្រាអែល។

យោធា បាននិយាយថា ចំណាប់ថ្នូរ៤នាក់ ប្រុស៣នាក់ និងស្រីម្នាក់ ដែលត្រូវបានចាប់ពង្រាត់ចេញពីកន្លែងបុណ្យតន្រ្ដីណូវ៉ា (Nova) នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ តុលា ឆ្នាំកន្លងទៅនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាព ហើយពួកគេទាំងនោះ មានសុខភាពល្អនៅឡើយ។

ពួកគេទាំងនោះ ត្រូវបានគេសម្គាល់អត្ដសញ្ញាណ ដូចជា ឈ្មោះ ណូអា អាហ្កាម៉ានី (Noa Argamani) អាយុ២៥ឆ្នាំ អាល់ម៉ុក មៀ ជេន (Almog Meir Jan) អាយុ២១ឆ្នាំ អង់ដ្រេ កូសឡូវ (Andrey Kozlov) អាយុ២៧ឆ្នាំ និងឈ្មោះ ស្លូមី ហ្ស៊ីវ (Shlomi Ziv) អាយុ៤០ឆ្នាំ ។
រូបភាពវីដេអូឯកសារ បានបង្ហាញពីការផ្ដល់បទសម្ភាសរបស់អ្នកសារព័ត៌មាន Reuters ជាមួយអ្នកស្រី អូរីត មៀរ(Orit Meir ) ដែលជាម្ដាយចំណាប់ថ្នូរអ៊ីស្រាអែលម្នាក់ ឈ្មោះ អាល់ម៉ុក មៀរ ចេន ។
អ្នកស្រី បានយំ ខណៈដែលអ្នកស្រី បានរៀបរាប់ពីភាពតក់ស្លុតរបស់អ្នកស្រី នៅពេលដែលឃើញកូនប្រុសក្នុងវីដេអូដែលគេ បានផ្ញើរូបនោះមកឱ្យអ្នកស្រីតាមរយៈមិត្តភ័ក្ដិម្នាក់របស់កូនប្រុសអ្នកស្រី ដោយវីដេអូនោះ ឃើញកូនប្រុសកំពុងយកដៃបាំងមុខ។
អ្នកសារព័ត៌មាន Reuters បានទទួលវីដេអូនេះពីក្រុមគ្រួសារ ប៉ុន្ដែមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យពីប្រភពដើម និងមាតិការឿងនោះទេ៕អត្ថបទ មករា (Makara)