កងកម្លាំងអ៊ីស្រាអែលបានជួយសង្គ្រោះចំណាប់ខ្មាំងបួននាក់ដែលក្រុមហាម៉ាសបានឃុំខ្លួន ចាប់តាំងពីខែតុលា ក្នុងការវាយឆ្មក់នៅតំបន់ហ្កាហ្សាកាលពីថ្ងៃសៅរ៍ ៨ មិថុនា ដែលក្រុមមន្ត្រីប៉ាឡេស្ទីនបាននិយាយថាបានសម្លាប់មនុស្សជាង ២០០នាក់ មួយក្នុងចំណោមការវាយលុករបស់អ៊ីស្រាអែលដ៏បង្ហូរឈាមបំផុត នៃសង្គ្រាមរយៈពេល៨ខែ។

ប្រតិបត្តិការជួយសង្គ្រោះចំណាប់ខ្មាំង និងការវាយលុកតាមអាកាសដ៏ខ្លាំងក្លាមួយបានកើតឡើងនៅ ទីក្រុង នូសេរ៉ាត់ (al-Nuseirat)កណ្ដាលដែនដី ហ្កាហ្សា ជាតំបន់តែងមានការប្រយុទ្ធគ្នាជាញឹកញាប់នៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស គ្រប់គ្រងដែនដីប៉ាឡេស្ទីន។
អ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយថា ប្រតិបត្តិការនេះបានធ្វើឡើងនៅចំកណ្ដាលនៃតំបន់ លំនៅដ្ឋានមួយក្នុងទីក្រុង នូសេរ៉ាត់ ជាទីដែលក្រុមហាម៉ាស បានឃុំឃាំងចំណាប់ខ្មាំងនៅក្នុង អឹផាតមិនពីរដាច់ដោយឡែកពីគ្នា។
អ្នកនាំពាក្យ យោធាអ៊ីស្រាអែល លោក ឧត្តមនាវីទោ Daniel Hagari បាននិយាយថា កងកម្លាំងរបស់អ៊ីស្រាអែល បានទទួលរងនូវការបាញ់ប្រហារយ៉ាងខ្លាំងក្លា ក្នុងអំឡុងពេលវាយប្រហារ ហើយបានឆ្លើយតបដោយការបាញ់ពីលើអាកាស និងពីផ្លូវ។
លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយជាមួយអ្នកសារព័ត៌មានថា យើងដឹងពីជនជាតិប៉ាឡេស្ទីនស្លាប់ និងរបួសតិចជាង ១០០ នាក់ ។ លោកពុំបានដឹងថា តើមានភេរវករប៉ុន្មាននាក់ទេ។ សេចក្តីថ្លែងការណ៍របស់នគរបាលបាននិយាយថា មេបញ្ជាការកងកម្លាំងពិសេសអ៊ីស្រាអែលម្នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការនោះ៕
