ហ្វីលីពីន៖ មជ្ឈមណ្ឌលចាក់វ៉ាក់សាំងបង្ការនៅទូទាំងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន កំពុងព្យាយាមបង្កើនល្បឿនអត្រាចាក់វ៉ាក់សាំងរួមទាំងការបើក ២៤ម៉ោងលើ ២៤ម៉ោងដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការកើនឡើងយ៉ាងខ្លាំងនៃការឆ្លងវីរុស COVID-19 ដែលទាក់ទងទៅនឹងការរីករាលដាលនៃវីរុសបម្លែងខ្លួនថ្មី Delta ដែលមានសមត្ថភាពឆ្លងខ្លាំង។

ដោយមានត្រឹមជាង ១០% នៃប្រជាជនសរុបជាង ១១០លាននាក់របស់ប្រទេសនេះបានចាក់វ៉ាក់សាំងពេញលេញ ឬគ្រប់ចំនួនដូស មនុស្សរាប់លាននាក់នៅតែងាយរងគ្រោះដោយសារការឆ្លងជំងឺនេះ ស្របពេលមានកិច្ចខិតខំប្រឹងប្រែងក្នុងការចាក់វ៉ាក់សាំងឲ្យបាន ៧០លាននាក់មុនដំណាច់ឆ្នាំនេះ។ ចលនាប្រជាពលរដ្ឋនៅតំបន់ Metro Manila ដែលមានទីក្រុងចំនួន ១៦ មានប្រជាជនជាង ១៣លាននាក់រស់នៅ ត្រូវបានរឹតត្បិតដើម្បីព្យាយាមទប់ស្កាត់ការឆ្លងរាលដាលវីរុសបម្លែងខ្លួនថ្មី ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា។ លោក Salvador Camacho វ័យ ៧១ឆ្នាំបានអស់ក្ដីកង្វល់ពីផលប៉ះពាល់ដំបូងរបស់លោក ហើយបានសម្រេចចិត្តចាក់វ៉ាក់សាំង នៅពេលមណ្ឌលចាក់វ៉ាក់សាំងមួយក្នុងចំណោមមជ្ឈមណ្ឌលចាក់វ៉ាក់សាំងបើក ២៤ម៉ោងលើ ២៤ម៉ោងជាច្រើនបានបើកសម្រាប់ការណាត់ជួបទាំងយប់។
លោក Joan Carbonell ដែលធ្វើការជាប្រធានគ្រប់គ្រងនៅមជ្ឈមណ្ឌលចាក់វ៉ាក់សាំង នៅរដ្ឋធានីម៉ានីលបាននិយាយថា ការសម្រេចចិត្តធ្វើឡើងដោយមជ្ឈមណ្ឌលមួយចំនួនដើម្បីបើកនៅពេលយប់ ក៏ដើម្បីកំណតចំនួនមនុស្សនៅពេលព្រឹកផងដែរ ខណៈដែលប្រជាពលរដ្ឋប្រញាប់ប្រញាល់ទៅទទួលវ៉ាក់សាំង។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រទេសហ្វីលីពីនមានករណីឆ្លងជំងឺ COVID-19 ចំនួន ១,៦៨៨,០៤០នាក់ និងស្លាប់សរុបចំនួន ២៩,៣៧៤នាក់៕
អត្ថបទ៖ សុខមាន