នគរបាលអ៊ីស្រាអែលប្រើកាណុងបាញ់ទឹកដើម្បីបំបែកក្រុមបាតុករនៅក្រុង Tel Aviv កាលពីថ្ងៃសៅរ៍ ទី៨ ខែមិថុនា បន្ទាប់ពីពួកគេបានចេញតវ៉ាតាមដងផ្លូវនានា ទាមទារឲ្យដោះលែងចំណាប់ខ្មាំងនៅក្នុងដៃក្រុមហាម៉ាស នៅហ្កាហ្សា និងការតវ៉ាប្រឆាំងរដ្ឋាភិបាល។

ការតវ៉ាជាទៀងទាត់ត្រូវបានធ្វើឡើងនៅក្នុងទីលានចតុរង្គរបស់ទីក្រុង Tel Aviv ដោយក្រុមមួយប្រឆាំងនឹងរដ្ឋាភិបាលអ៊ីស្រាអែល ហើយក្រុមមួយទៀតទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងដែលឃុំខ្លួននៅដែនដីហ្កាហ្សា បន្ទាប់មក អ្នកតវ៉ាមកពីក្រុមទាំង២ ប្រមូលផ្តុំគ្នាដើរដង្ហែររួមគ្នាដើម្បីបិទផ្លូវក្នុងទីក្រុងនេះ។

ការតវ៉ាកាលពីថ្ងៃសៅរ៍បានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានជួយសង្គ្រោះចំណាប់ខ្មាំងបួននាក់ដែលក្រុមហាម៉ាសបានចាប់ឃុំនៅហ្កាហ្សា ចាប់តាំងពីខែតុលាមក ។
ពួកគេទាំងអស់ត្រូវបានចាប់ពង្រត់ពីមព្រឹត្តិការណ៍ប្រគំតន្ត្រី Nova អំឡុងពេលការវាយឆ្មក់ដ៏សាហាវដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដឹកនាំដោយក្រុមហាម៉ាស លើទីប្រជុំជន និងភូមិនានារបស់អ៊ីស្រាអែល នៅជិតតំបន់ហ្កាហ្សាកាលពីថ្ងៃទី ៧ ខែតុលា ដែលបានធ្វើឱ្យសង្រ្គាមដ៏មហន្តរាយផ្ទុះឡើងរហូតមកដល់បច្ចុប្បន្ននេះ៕