ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងចាប់ផ្តើមការផ្សាយតាមប្រព័ន្ធឧបករណ៍បំពងសំឡេងដែលតម្រង់ទៅកាន់ប្រទេសកូរ៉េខាងជើងនៅថ្ងៃអាទិត្យ ទី ៩ មិថុនា ដែលនឹងមិនអាចទ្រាំទ្របានសម្រាប់របបលោក Kim Jong Un បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបន្តបញ្ជូនបាឡុងផ្ទុកសំរាមឆ្លងព្រំដែនធ្លាក់ក្នុងទឹកដីកូរ៉េខាងត្បូង។

ក្រុមប្រឹក្សានេះ បានជួបប្រជុំគ្នានៅព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីបាឡុងរាប់សិប ផ្ទុកពេញដោយសំរាម ត្រូវបានប្រទះឃើញនៅក្នុងទីក្រុងសេអ៊ូល និងនៅតំបន់ក្បែរព្រំដែន កាលពីព្រឹកព្រលឹម និងយប់អធ្រាត្រ។
ទីក្រុងព្យុងយ៉ាង បានចាប់ផ្តើមបញ្ជូនបាឡុងផ្ទុកសំរាម និងលាមកសត្វឆ្លងព្រំដែនក្នុងខែឧសភា ហើយបាននិយាយថា ទង្វើនេះគឺជាការសងសឹកចំពោះការបញ្ជូនខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង ដែលបង្ហោះដោយសកម្មជនកូរ៉េខាងត្បូង ជាផ្នែកមួយនៃយុទ្ធនាការឃោសនា។

កាលពីថ្ងៃទី ២ ខែមិថុនា កូរ៉េខាងជើងបាននិយាយថា ខ្លួននឹងបញ្ឈប់ការបញ្ជូនបាឡុងជាបណ្ដោះអាសន្ន ដោយសារតែសំរាមចំនួន ១៥ តោនដែលខ្លួនបានបញ្ជូននោះ គឺប្រហែលជាគ្រប់គ្រាន់ដើម្បីទទួលបានសារអំពីរបៀបដែលខ្លួន មិនសប្បាយចិត្ត ។
ទោះយ៉ាងណាក៏ដោយ ប្រទេសឯកោមួយនេះ បានប្តេជ្ញាបន្ត ប្រសិនបើខិត្តប័ណ្ណរាប់រយលើកត្រូវបានហោះហើរពីកូរ៉េខាងត្បូងចូលក្នុងទឹកដីកូរ៉េខាងជើងម្តងទៀតនោះ៕