ភ្នំពេញ ៖ មនី្ទរពេទ្យកុមារជាតិ ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ប្រភេទអាស្រ្តាហ្សេនីកា ជូនចំពោះមន្រី្តរាជការស៊ីវិល និងមន្រី្តជាប់កិច្ចសន្យា ដែលកំពុងបម្រើការនៅថ្នាក់ជាតិ ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ដូសទី១ និងដូសទី២រួចរាល់។
បើតាមលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែសីហានេះថា ថ្ងៃនេះមនី្ទរពេទ្យកុមារជាតិ ក៏ដូចជាមនី្ទរពេទ្យដទៃទៀតដែរ បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ប្រភេទអាស្រ្តាហ្សេនីកា ជាវ៉ាក់សាំងជំរុញ សម្រាប់ចាក់ជូនក្រុមប្រឈមមុខខ្ពស់ដែលបានកំណត់ដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។
ជាមួយគ្នានោះដែរ មន្រី្តរាជការស៊ីវិល និងមន្រី្តជាប់កិច្ចសន្យា ដែលកំពុងបម្រើការនៅថ្នាក់ជាតិ បានមកទទួលការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ពីក្រុមការងារគ្រូពេទ្យ នៃមនី្ទរពេទ្យកុមារជាតិ បានលើកឡើងស្រដៀងគ្នាថា ការចាក់វ៉ាក់សាំងនេះ ធ្វើឲ្យសុខភាពរបស់ពួកគាត់ល្អ និងរឹងមាំតទៅថ្ងៃមុខបន្តទៀត។
ប្រសិនបើយើងមិនបានចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣នោះទេ គឺពួកគាត់មិនអាចការពារ ទប់ទល់ នឹងមេរោគកូវីដ-១៩បាននោះទេ បើទោះបីជាពួកគាត់ឆ្លងកូវីដ-១៩ ក៏មិនអាចឈានដល់ដំណាក់កាលធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិតដែរ។
ដូច្នេះពួកគាត់សូមគោរពអរគុណដល់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានខិតខំស្វះស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកចាក់ជូនមន្រី្តរាជការស៊ីវិល និងមន្រី្តជាប់កិច្ចសន្យា ដែលកំពុងបម្រើការនៅថ្នាក់ជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស។
ជាចុងក្រោយលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានបញ្ជាក់ទៀតថា ទោះបីបានចាក់វ៉ាក់សាំងដូសជំរុញ និងដូសទី៣ រួចហើយក៏ដោយ មិនមែនមានន័យថា មិនឆ្លងមេរោគកូវីដ-១៩នោះទេ គ្រាន់តែវាស្ថិតក្នុងស្ថានភាពការពារកម្រិតខ្ពស់ ឆ្លងហើយមិនវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ នេះជាចំនុចពិសេសរបស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩នេះ ជាពិសេសប្រភេទដែលតា (Delta) ដែលទើបនឹងឆ្លងចូលមកក្នុងសហគមន៍ នៃប្រទេសកម្ពុជាថ្មីនេះ ចាំបាច់បំផុតបងប្អូនប្រជាពលរដ្ឋចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងអនុវត្តន៍វិធានការ៣កុំ ៣ការពារ ដែលប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានដាក់ចេញ៕
អត្ថបទ រដ្ឋា




