ប្រទេស និងអង្គការអន្តរជាតិជាច្រើន បានថ្កោលទោស ការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានកាប់សម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ២៧៤ នាក់ អំឡុងប្រតិបត្តិការរំដោះចំណាប់ខ្មាំង អ៊ីស្រាអែល ៤ នាក់នៅក្នុងជំរំជនភៀសខ្លួន នូសេរ៉ាត់ (Nuseirat)នៅកណ្តាលដែនដីហ្កាហ្សា។

ក្រុមអាជ្ញាធរនៅតំបន់ហ្កាហ្សាស្ទ្រីបកាលពីថ្ងៃអាទិត្យបាននិយាយថាមនុស្សយ៉ាងហោចណាស់ ៦៩៨ នាក់ផ្សេងទៀតបានរងរបួសនៅក្នុង ការវាយប្រហារដ៏ព្រៃផ្សៃមិនធ្លាប់មាន ដែលខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈមន្ទីរពេទ្យតស៊ូទប់ទល់លំហូរអ្នករបួស ឬសាកសព។

ដោយរាយការណ៍ពីខាងក្នុងមន្ទីរពេទ្យ អាល់ អាកសា ម៉ាធ័រស៍ (Al-Aqsa Martyrs) នៅកណ្តាលទីក្រុង ឌៀ អេល បាឡា(Deir el-Balah)ក្នុងដែនដីហ្កាហ្សា លោក ហ៊ីន ខូដារី (Hind Khoudary )អ្នកសារព័ត៌មានរបស់ទូរទស្សន៍ Al Jazeera កាលពីថ្ងៃអាទិត្យបាននិយាយថា ក្រុមអ្នកការពារស៊ីវិលនៅតែស្វែងរកពលរដ្ឋប៉ាឡេស្ទីនដែលបានស្លាប់ ឬរបួស ក្រោមគំនរបាក់បែក បន្ទាប់ពីការវាយប្រហារ លើជំរំ នូសេរ៉ាត់ ស្របពេលការវាយប្រហារតាមអាកាសកាន់តែច្រើន ដាក់គោលដៅទូទាំងតំបន់ឡោមព័ទ្ធដោយអ៊ីស្រាអែលមួយនេះ ។
ក្រសួងសុខាភិបាលហ្កាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់តាំងពីថ្ងៃទី៧ខែតុលា ការវាយលុកឥតឈប់ដោយយោធារបស់អ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣៧.០៨៤ នាក់ និង ៨៤.៤៩៤ នាក់ផ្សេងទៀតរបួស៕