គណបក្ស ហ្វីដេស (Fidesz) របស់នាយករដ្ឋមន្ត្រីហុងគ្រី លោក វ៉ីកទ័រ អ័របាន (Viktor Orban) កំពុងប្រឈមនឹងលទ្ធផលដ៏អាក្រក់បំផុតរបស់ខ្លួននៅក្នុងការបោះឆ្នោតជាតិ ឬសហភាពអឺរ៉ុប ក្នុងរយៈពេលជិតពីរទសវត្សរ៍ នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប កាលពីថ្ងៃអាទិត្យ (០៩ មិថុនា) ដោយការយកឈ្នះក្នុងសំឡេងគាំទ្រតិចតួចបំផុត ខណៈដែលបក្សនយោបាយប្រឆាំងចំណូលថ្មីបានយកឈ្នះលើគណបក្សប្រឆាំងទាំងអស់។

ដោយកាន់អំណាចតាំងពីឆ្នាំ២០១០ មក អតីតយុទ្ធជនជាតិនិយម លោក អ័របាន បានជួបវិបត្តិជាច្រើនក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ខណៈរឿងអាស្រូវផ្លូវភេទបានធ្វើឱ្យសម្ព័ន្ធមិត្តសំខាន់ពីររបស់លោកបាត់បង់ការគាំទ្រ ស្របពេលដែលហុងគ្រី កំពុងងើបចេញពីកំណើនអតិផរណាដ៏អាក្រក់បំផុតនៅក្នុងសហភាពអឺរ៉ុប។
លទ្ធផលដំបូងបានព្យាករថា បក្សហ្វីដេស របស់លោក អ័របាន និងសម្ព័ន្ធមិត្តបក្សប្រជាធិបតេយ្យគ្រិស្ដ ដ៏តូចរបស់ខ្លួន បានឈ្នះ ១១ អាសនៈនៅក្នុងសភាអ៊ឺរ៉ុប ជាមួយនឹងសម្លេងឆ្នោត ៤៤,២ ភាគរយ ដោយធ្លាក់ចុះពីចំនួន ១៣ អាសនៈរួមបញ្ចូលគ្នា មុនការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។
តួលេខនោះបានបង្ហាញថា គណបក្ស ធីសហ្សា (Tisza) ស្តាំនិយមកណ្តាល របស់លោក ភីតធើ ម៉េកយ៉ា (Peter Magyar) ដែលជាបក្សប្រឆាំងថ្មី ឈរនៅលេខរៀងទី២ ជាមួយនឹងអាសនៈចំនួន ៧ ក្នុងសំឡេងគាំទ្រ ៣០ ភាគរយ ច្រើនជាងគណបក្សប្រឆាំងទាំងអស់បូកបញ្ចូលគ្នា ហើយនោះជាលទ្ធផលល្អប្រសើរជាងការស្ទង់មតិមុនឈានទៅដល់ការព្យាករក្នុងការបោះឆ្នោត។ ថ្លែងទៅកាន់អ្នកគាំទ្រ លោក អ័របាន បាននិយាយថា លទ្ធផលបង្ហាញថា លទ្ធិប្រជាធិបតេយ្យហុងគ្រី នៅតែមានស្ថានភាពល្អ ដោយបានប្រកាសជ័យជម្នះនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យនោះ៕

