ភ្នំពេញ ៖ ក្នុងបម្រាមគោចររបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី ៣០ ខែកក្កដាដល់យប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ នគរបាលបានធ្វើការឃាត់ខ្លួនមនុស្សជាង៩០នាក់ ក្នុងនោះ បានបញ្ជូនទៅកាន់តុលាការចំនួន៣៦នាក់ និងពិន័យបានប្រាក់ចំនួនជាង ២១៣លានរៀល។
នេះបើតាមអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានបញ្ជាប់ប្រាប់ទូរទស្សន៍ BTVនាព្រឹកថ្ងៃទី១២ ខែសីហានេះ។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃ១២ ខែសីហានេះ កងកម្លាំងនៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តបម្រាមគោចរគឺបានរយៈពេល១៤ថ្ងៃហើយ ក្រោយមានបទបញ្ជាពីរដ្ឋបាលរាជធានីភ្នំពេញ ដោយក្នុងរយៈពេលពីរសប្តាហ៍ កងកម្លាំងនគរបាលបានឃាត់យានយន្តចំនួនជិតពីរពាន់គ្រឿង ហើយធ្វើការពិន័យរួចជាស្ថាពរបានចំនួន៤៩២គ្រឿង ក្រៅពីនោះបានរក្សាទុកនៅតាមខណ្ឌនីមួយៗ ដែលបានអនុវត្តនោះ។
ជាមួយគ្នានោះដែរ លោកវរសេនីយ៍ឯក សាន សុខសីហា ក៏បានបញ្ជាក់ផងដែរថា បើទោះបីជា បម្រាមគោចររយៈពេល១៤ថ្ងៃនេះ បានបញ្ចប់ក៏ពិតមែន តែរដ្ឋបាលរាជធានីភ្នំពេញបានបន្តដាក់បម្រាមនេះ ក្នុងរយៈពេលមួយសប្តាហ៍បន្ថែមទៀត គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា ខាងមុខនេះ ក្នុងហេតុផលដដែលគឺដើម្បីប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសជំងឺបំប្លែងថ្មីប្រភេទដែលតានេះតែម្តង។
លោក ក៏បានបញ្ជាក់បន្ថែមទៀតដែរថា« ការបន្តរឹតបន្តឹងបម្រាមគោចររយៈពេលមួយសប្តាហ៍ទៀតនេះ គឺនឹងអនុវត្តដូចរយៈពេល១៤កន្លងមកដែរ ដោយសម្រាប់បុគ្គលដែលល្មើសនឹងបម្រាមគោចរនេះ ហើយមានការជួបជុំគ្នាសេពគ្រឿងស្រវឹង សមត្ថកិច្ចនឹងចាប់វាយខ្នោះអនុវត្តទៅតាមផ្លូវច្បាប់ភ្លាមៗ ដោយមិនមានការអប់រំណែនាំ ឬលើកលែងអ្វីទៀតនោះឡើយ ខណៈវិធានការក្តៅរបស់អាជ្ញាធររាជធានីភ្នំពេញនេះ ធ្វើឡើងក្នុងន័យទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ជាពិសេសប្រភេទdeltaនេះ ដោយវាបានរកឃើញមានអ្នកវិជ្ជមានជាបន្តបន្ទាប់ក្នុងរាជធានីភ្នំពេញ ហើយនោះ។
លោកវរសេនីយ៍ឯក សាន សុខសីហា ក៏បានធ្វើការអំពាវនាវដល់បងប្អូនទាំងអស់បើមិនចាំបាច់ទេ គប្បីកុំចេញក្រៅឲ្យសោះ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ខណៈការអនុវត្តរបស់អាជ្ញាធរនេះ គឺដើម្បីសេចក្តីសុខរបស់បងប្អូនទាំងអស់គ្នាតែប៉ុណ្ណោះ ពុំមានការរឹតត្បិតសិទ្ធិសេរីភាពរបស់បងប្អូននោះទេ។
លោក ក៏បានអំពាវនាវដល់បងប្អូនទាំងអស់បើមិនអាណិតខ្លួនឯងទេ គប្បីអាណិតដល់ក្រុមគ្រូពេទ្យ និងជាអាជ្ញាធរ ដែលពួកគាត់ខិតខំទាំងយប់ទាំងថ្ងៃ ដោយមិនបានចូលផ្ទះជួបប្រពន្ធកូន ឪពុកម្តាយរបស់ពួកគាត់ ដើម្បីតែសុខុមាលភាព និងអាយុជីវិតរបស់បងប្អូនទាំងអស់គ្នាឲ្យរួចផុតពីជំងឺដ៏កាចសាហាវនេះ៕
អត្ថបទ បាន ចក់




