យោងតាមសេចក្តីរាយការណ៍កាលពីថ្ងៃអាទិត្យ (០៩ មិថុនា) ពីភាគីទាំងពីរនៃជម្លោះដែលមានរយៈពេលជាងពីរឆ្នាំមកនេះបានឱ្យដឹងថា កងកម្លាំងរុស្ស៊ី ហាក់ដូចជាកំពុងវាយឆ្ពោះទៅមុខតម្រង់ទៅរកគោលដៅដ៏យូរអង្វែងរបស់ពួកគេក្នុងការដណ្តើមយកទីក្រុង ចាស៊ីវ យ៉ា (Chasiv Yar) ដែលជាក្រុងយុទ្ធសាស្ត្ររបស់អ៊ុយក្រែន។

ក្រុង ចាស៊ីវ យ៉ា ស្ថិតនៅលើតំបន់ដីខ្ពស់ប្រហែល ២០ គីឡូម៉ែត្រ នៅភាគខាងលិចក្រុង បាកម៉ូដ (Bakhmut) ដែលកងកម្លាំងរុស្ស៊ី បានដណ្ដើមកាន់កាប់កាលពីមួយឆ្នាំមុន បន្ទាប់ពីការប្រយុទ្ធជាច្រើនខែដែលបានបំផ្លាញអគារទីក្រុងស្ទើរតែទាំងអស់។ ទីក្រុងនេះត្រូវបានភាគីទាំងពីរមើលឃើញថាជាចំណុចដំណាក់កាលដ៏មានសក្តានុពលសម្រាប់រុស្ស៊ី ក្នុងការវាយរុលលើទីក្រុងសំខាន់ៗដូចជា ក្រុង ក្រាម៉ាថកស្ក៍ (Kramatorsk) និងក្រុង ស្លូវ៉ានស្ក៍ (Sloviansk)។
ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន ឈ្មោះ អ៊ុយក្រែនស្កា ប្រាវដា (Ukrainska Pravda) បានដកស្រង់ប្រភពយោធា ដោយនិយាយថា កងកម្លាំងរុស្ស៊ី បានចាប់ផ្តើមកាន់កាប់ស្រុកមួយនៃទីក្រុងនោះតាមបណ្តោយព្រែកជីក។ ប្រភពបាននិយាយថា ទាហានរុស្ស៊ី កំពុងប្រើប្រាស់គ្រាប់បែកពីលើអាកាស ដើម្បីបោសសម្អាតតំបន់នានានៅតាមដងផ្លូវធំ «ហើយដោយមានការគាំទ្រពីមីស៊ីលរយៈចម្ងាយឆ្ងាយជាច្រើន និងយានដ្រូន ពួកគេបានចាប់ផ្តើមវាយឆ្ពោះទៅមុខ និងបង្កើនកងកម្លាំងនៅទីតាំងវាយបាន»។
កងកម្លាំងរុស្ស៊ី បាននិងកំពុងមានប្រៀបបន្តិចម្តងៗនៅក្នុងតំបន់សមរភូមិភាគខាងកើត ចាប់តាំងពីដណ្ដើមបានទីក្រុង អាវឌីអ៊ីវកា (Avdiivka) កាលពីខែកុម្ភៈ មក។ ពួកគេក៏បានបើកការលុកលុយឆ្លងព្រំដែនចូលទៅក្នុងផ្នែកខ្លះនៃតំបន់ ខាគីវ (Kharkiv) ភាគឦសាន ទោះបីជាអ៊ុយក្រែន និយាយថាការវាយរុលទៅមុខត្រូវបានបញ្ឈប់ក៏ដោយ៕

