លោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា កាលពីថ្ងៃអាទិត្យ (០៩ មិថុនា) សម្រាប់អាណត្តិទីបី បន្ទាប់ពីការធ្លាក់ចុះនៃការគាំទ្រក្នុងការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើល ដែលនឹងសាកល្បងសមត្ថភាពរបស់លោកក្នុងការធានានូវភាពប្រាកដប្រជានៃគោលនយោបាយក្នុងរដ្ឋាភិបាលចម្រុះ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក។

ប្រធានាធិបតីឥណ្ឌា លោកស្រី ដ្រូប៉ាឌី មួរមូ (Droupadi Murmu) បានដឹកនាំពិធីសម្បថរបស់លោក ម៉ូឌី នៅឯវិមានប្រធានាធិបតី រ៉ាសត្រាប៉ាទី បាវ៉ាន់ (Rashtrapati Bhavan) ក្នុងទីក្រុងញូវ ដេលី ដោយមានការចូលរួមពីឥស្សរជនរាប់ពាន់នាក់ រួមទាំងមេដឹកនាំនៃប្រទេសក្នុងតំបន់ចំនួនប្រាំពីរ តារាបូលីវូដ និងអ្នកឧស្សាហកម្មជាច្រើន។

អ្នកគាំទ្របានអបអរសាទរ ទះដៃ និងស្រែកថាហៅឈ្មោះលោក ម៉ូឌី នៅពេលដែលមេដឹកនាំវ័យ ៧៣ ឆ្នាំរូបនេះប្រារព្ធពិធីស្បថកាន់តំណែង។ លោក ម៉ូឌី ទទួលបានអាណត្តិទីបី បន្ទាប់ពីការបោះឆ្នោតពហុដំណាក់កាល ដែលបានបញ្ចប់កាលពីថ្ងៃទី០១ ខែមិថុនា ដោយមានការគាំទ្រពីគណបក្សក្នុងតំបន់ចំនួន ១៤ នៅក្នុងសម្ព័ន្ធប្រជាធិបតេយ្យជាតិដឹកនាំដោយគណបក្ស BJP របស់លោក។ លទ្ធផលនេះត្រូវបានគេមើលឃើញថាជាជំហានថយក្រោយដ៏ធំមួយចំពោះមេដឹកនាំដ៏មានប្រជាប្រិយភាព ខណៈដែលការស្ទង់មតិ បានព្យាករថា បក្ស BJP នឹងទទួលបាននូវកៅអីច្រើនជាងកាលពីឆ្នាំ២០១៩។
ក្រុមអ្នកវិភាគនិយាយថា អាណត្តិថ្មីរបស់លោក ម៉ូឌី ជានាយករដ្ឋមន្ត្រី ទំនងជាមានបញ្ហាប្រឈមក្នុងការបង្កើតការឯកភាពគ្នាលើបញ្ហានយោបាយ និងគោលនយោបាយដ៏ចម្រូងចម្រាសក្នុងការប្រឈមមុខនឹងផលប្រយោជន៍ផ្សេងៗគ្នានៃគណបក្សក្នុងតំបន់ និងក្រុមប្រឆាំងដែលកាន់តែខ្លាំងក្លា៕