រដ្ឋាភិបាលអ៊ីរ៉ង់ បានបង្ហាញបញ្ជីឈ្មោះមនុស្ស ៦ នាក់ ដែលត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី២៨ ខែមិថុនា។ ភាគច្រើននៃអ្នកនយោបាយធ្វើកំណែទម្រង់ និងបេក្ខជនប្រកាន់ជំហរកណ្ដាលភាគច្រើនត្រូវបានដកហូតសិទ្ធិមិនឱ្យឈរឈ្មោះ។ ក្រសួងមហាផ្ទៃអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ (០៩ មិថុនា) បានប្រកាសពីបញ្ជីបេក្ខជន សម្រាប់ការបោះឆ្នោតមុនកំណត់ បន្ទាប់ពីលោកប្រធានាធិបតី អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) បានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រកាលពីខែមុន។

មនុស្ស ៨០ នាក់បានដាក់ពាក្យស្នើសុំបេក្ខភាពប្រធានាធិបតី ប៉ុន្តែក្រុមប្រឹក្សាអាណាព្យាបាល ឬក្រុមអ្នកច្បាប់ឥស្លាម និងអ្នកត្រួតពិនិត្យផ្សេងទៀត បានអនុម័តត្រឹមតែប្រាំមួយនាក់ប៉ុណ្ណោះ ក្នុងចំណោមពួកគេជាបេក្ខជន បន្ទាប់ពីបានពិនិត្យមើលលក្ខណៈសម្បត្តិ ដូចជាភាពស្មោះត្រង់ចំពោះការបង្កើតរបស់ប្រទេសកាន់សាសនាឥស្លាមមួយនេះ។

អ្នកទាំងប្រាំមួយនាក់នោះ រួមមានប្រធានសភា លោក ម៉ូហាម៉ាដ បាកឺ កាលីបាស (Mohammad Baqer Qalibaf) ជាអ្នកអភិរក្សនិយមប្រកាន់ជំហរតឹងដូចលោក រ៉េស៊ី ដែលរដ្ឋបាលរបស់លោកមានជម្លោះយ៉ាងខ្លាំងជាមួយបណ្តាប្រទេសលោកខាងលិច។ បញ្ជីនេះក៏មានអ្នកអភិរក្សនិយមម្នាក់ទៀតគឺលោក សៃអ៊ីដ ចាលីលី (Saeed Jalili) ជាលេខាធិការនៃឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិ រួមជាមួយឥស្សរជននយោបាយជាន់ខ្ពស់ ៤ រូបទៀត។
ប៉ុន្តែអ្នកកែទម្រង់ និងអ្នកប្រកាន់ជំហរកណ្ដាលជាច្រើនផ្សេងទៀតត្រូវបានដកសិទ្ធិបេក្ខភាពដោយមិនដឹងមូលហេតុ។ ចំនួនអ្នកទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីមុនក្នុងឆ្នាំ២០២១ គឺមាន ៤៨,៨ ភាគរយ ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ១៩៧៩ មក។ មនុស្សជាច្រើនមិនបានបោះឆ្នោតទេ ដោយសារពួកគេមិនពេញចិត្តក្នុងការមើលឃើញអ្នកកែទម្រង់ធំៗ និងក្រុមប្រកាន់ជំហរកណ្ដាលត្រូវបានដកសិទ្ធិមិនឱ្យឈរឈ្មោះបោះឆ្នោត៕
