វីដេអូ និងរូបភាពយានដ្រូនបានបង្ហាញថា ចំហេះព្រៃដ៏ខ្លាំងក្លាបានបន្តបំផ្លិចបំផ្លាញតំបន់ ប៉ានតាណាល់ (Pantanal) ដែលជាតំបន់ដីសើមត្រូពិចដ៏ធំបំផុតរបស់ពិភពលោកនៅកណ្តាលភាគខាងលិចប្រទេសប្រេស៊ីល កាលពីថ្ងៃអាទិត្យ (០៩ មិថុនា) ខណៈដែលភ្លើងបានឆេះរុលទៅមុខជាបណ្តើរៗឆ្ពោះទៅព្រំដែនប្រទេសបូលីវី។

ចំហេះព្រៃ ដែលជាលទ្ធផលនៃភ្លៀងធ្លាក់តិចចាប់តាំងពីចុងឆ្នាំមុន ដែលបានរំខានដល់ការជន់លិចតាមរដូវ និងធ្វើឱ្យតំបន់នេះងាយរងគ្រោះដោយសារចំហេះ បានចាប់ផ្តើមកាលពីដើមខែមិថុនា ហើយបានហក់ឡើងជិតដប់ដងរហូតមកដល់ពេលនេះ ដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០២០ មក។
ទិន្នន័យផ្កាយរណបពីវិទ្យាស្ថានជាតិសម្រាប់ការស្រាវជ្រាវអវកាស (INPE) របស់ប្រទេសប្រេស៊ីល បានបង្ហាញពីការកើនឡើង ៩៨០ ភាគរយនៃចំនួនចំហេះនៅក្នុងតំបន់ ប៉ានតាណាល់ រហូតដល់ថ្ងៃទី០៥ ខែមិថុនា បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ តួរលេខនេះបានបង្កើនការប្រកាសអាសន្ន នៅពេលដែលតំបន់នេះឈានចូលដល់រដូវគ្រោះថ្នាក់បំផុតសម្រាប់ចំហេះព្រៃ ដែលជាធម្មតាចាប់ផ្តើមនៅខែកក្កដា និងឡើងខ្ពស់ខ្លាំងនៅខែសីហា និងខែកញ្ញា។

មូលនិធិសត្វព្រៃពិភពលោកប្រេស៊ីល បានសម្តែងការព្រួយបារម្ភថាចំហេះដែលកំពុងបន្ត អាចឆ្លុះបញ្ចាំងពីគ្រោះមហន្តរាយដូចគ្នានេះកាលឆ្នាំ២០២០ នៅពេលដែលចំនួន ១៦ ភាគរយនៃតំបន់នេះទាំងមូលត្រូវបានដុតខ្ទេចខ្ទី។ តំបន់ដីសើម ប៉ានតាណាល់ មានទំហំប្រហែល ១០ ដងនៃតំបន់ដីសើម អេវើគ្លេដស៍ (Everglades) រដ្ឋហ្វ្លរីដា (Florida) សហរដ្ឋអាមេរិក ហើយជាជម្រករបស់សត្វកម្រជាច្រើនប្រភេទ៕