ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅក្នុងតំបនហ៊ុមព័ទ្ធ បាននិយាយកាលពីថ្ងៃអាទិត្យ (០៩ មិថុនា) ថា ប្រជាជនប៉ាឡេស្ទីនសរុបចំនួន ៣៧.០៨៤ នាក់ត្រូវបានសម្លាប់ និងមនុស្ស ៨៤.៤៩៤ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំមុនមក។

យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានឱ្យដឹងថា កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារជាច្រើនលើកលើជំរំជនភៀសខ្លួន នូសៃរ៉ាត់ (Nuseirat) ជំរំ ម៉ាហ្កាហ្ស៊ី (Maghazi) និងជំរំ ប៊ូរ៉េច (Bureij) រួមនិងតំបន់ ដឺ អាល់បាឡា (Deir al-Balah) នៅកណ្តាលហ្កាហ្សា និងតំបន់ ដារ៉ាច (Daraj) នៅភាគខាងជើងក្រុងហ្កាហ្សា នៅថ្ងៃដដែលនោះ ដោយបានសម្លាប់មនុស្សជាច្រើននាក់ និងបង្ករបួសរាប់សិបនាក់។
ក្នុងអំឡុងពេលប្រតិបត្តិការរបស់ខ្លួនដើម្បីរំដោះចំណាប់ខ្មាំងបួននាក់ នៅក្នុងជំរំ នូសៃរ៉ាត់ មួយថ្ងៃមុននោះ កងទ័ពអ៊ីស្រាអែល បានសម្លាប់ចំណាប់ខ្មាំងបីនាក់ផ្សេងទៀត រួមទាំងពលរដ្ឋអាមេរិកម្នាក់ ដែលត្រូវបានឃុំខ្លួននៅទីនោះ។

អ៊ីស្រាអែលបានអះអាងថា ការវាយឆ្មក់កាលពីថ្ងៃសៅរ៍ របស់ខ្លួនលើជំរំ នូសៃរ៉ាត់ បានសម្លាប់ជនជាតិប៉ាឡេស្ទីនមិនតិចជាង ១០០ នាក់ទេ ប៉ុន្តែក្រសួងសុខាភិបាលរបស់ហ្កាហ្សា បាននិយាយកាលពីថ្ងៃអាទិត្យថា ជនជាតិប៉ាឡេស្ទីន ២៧៤ នាក់ត្រូវបានសម្លាប់ និង ៦៩៨ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងប្រតិបត្តិការនោះ៕