កងពលតូចប្រដាប់អាវុធ អាល់ ហ្កាសាម(al-Qassam) របស់ក្រុមហាម៉ាស បាននិយាយនៅក្នុងវីដេអូមួយ ដែលបានបង្ហោះនៅលើបណ្តាញតេឡេក្រាមរបស់ខ្លួនកាលពីថ្ងៃអាទិត្យទី ៩ ខែមិថុនា ថាចំណាប់ខ្មាំង៣នាក់ ត្រូវបានសម្លាប់ រួមមានទាំងពលរដ្ឋអាមេរិកម្នាក់ នៅក្នុងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ដែលចំណាប់ខ្មាំងមួយចំនួនត្រូវបានដោះលែង។

ក្រុមនេះ ពុំបានបញ្ចេញឈ្មោះអ្នកដែលត្រូវសម្លាប់នោះទេ ប៉ុន្តែវីដេអូនេះ បង្ហាញពីអ្វីដែលទំនងជាសាកសពមិនអាចកំណត់អត្តសញ្ញាណបាន ចំនួនចំនួនបីនាក់។ វីដេអូ បាននិយាយថា «អ្នកជាប់ឃុំរបស់អ្នក នឹងមិនត្រូវបានដោះលែងនោះទេ លុះត្រាតែអ្នកទោសរបស់យើង ត្រូវបានដោះលែង»។
អ៊ីស្រាអែល បានជួយសង្គ្រោះចំណាប់ខ្មាំងបួននាក់ដែលក្រុមហាម៉ាសបានចាប់ខ្លួន ក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំង នៅតំបន់ al-Nuseirat ភាគកណ្តាល កាលពីថ្ងៃសៅរ៍ ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីន ២៧៤ នាក់។

ការអះអាងរបស់ក្រុមហាម៉ាសថា ចំណាប់ខ្មាំងមួយចំនួនត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការរបស់អ៊ីស្រាអែល ត្រូវបានច្រានចោលភ្លាមៗដោយអ្នកនាំពាក្យយោធាអ៊ីស្រាអែល ថា ជា «ការភូតកុហក» ។
គ្រូពេទ្យសង្គ្រោះបឋមប៉ាឡេស្ទីន បាននិយាយថា ចំនួនអ្នកស្លាប់របស់ប្រជាជនប៉ាឡេស្ទីន គឺអាក្រក់បំផុតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះនៃសង្រ្គាមនៅតំបន់ហ្កាហ្សារយៈពេលជាច្រើនខែ ហើយអ្នកស្លាប់ភាគជាច្រើន រួមមានទាំងស្ត្រី និងកុមារ។