អង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និយាយថា ជនស៊ីវិលយ៉ាងហោចណាស់១៧៤នាក់ត្រូវបានសម្លាប់ និង៦៩០នាក់ បានរងរបួស នៅប្រទេសអ៊ុយក្រែន ក្នុងខែឧសភា។ បេសកកម្មឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅអ៊ុយក្រែន បានប្រកាសថា វាជាចំនួនខ្ពស់បំផុតនៃការស្លាប់និងរងរបួសជនស៊ីវិលប្រចាំខែ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ មក។

អង្គការសិទ្ធិមនុស្ស បានសន្និដ្ឋានថាអ្នកស្លាប់ និងរងរបួសខ្ពស់ ដោយសារការវាយប្រហារកាន់តែខ្លាំងឡើងដោយកងកម្លាំងរុស្ស៊ីលើទីក្រុង Kharkiv និងកន្លែងផ្សេងទៀត នៅតំបន់ភាគខាងកើតទីក្រុង Kharkiv បន្ទាប់ពីពួកគេបានបើកការវាយលុកហួសពីព្រំដែនភាគខាងជើងនៃតំបន់ជាមួយប្រទេសរុស្ស៊ី កាលពីថ្ងៃទី១០ ខែឧសភា។ កាលពីថ្ងៃអាទិត្យ កងកម្លាំងរុស្ស៊ី បានបើកការវាយលុកនៅក្នុង តំបន់ Kharkiv ដោយបំផ្លាញលំនៅឋានជាច្រើនខ្នងនៅទីនោះ។

ទន្ទឹមនឹងនេះ ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍អាមេរិក CBS ថា សន្ទុះនៃប្រតិបត្តិការរបស់រុស្ស៊ីនៅទីក្រុង Kharkiv បានជាប់គាំង។ លោកនិយាយថា ទីក្រុង Kharkiv នៅតែស្ថិតក្រោមការគំរាមកំហែង ប៉ុន្តែកងទ័ពរុស្ស៊ី មិនអាចរុលទៅមុខតាមដីគោកបានទេ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងវីដេអូមួយ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា កងទ័ពរុស្ស៊ី បានបរាជ័យក្នុងការអនុវត្តប្រតិបត្តិការ នៅទីក្រុង Kharkiv ហើយ លោកក៏បាននិយាយផងដែរថា កងកម្លាំងអ៊ុយក្រែន កំពុងបំផ្លាញអង្គភាពរុស្ស៊ី ដែលចូលទៅក្នុងទឹកដីរបស់អ៊ុយក្រែន។
វិទ្យាស្ថានសម្រាប់ការសិក្សាពីសង្គ្រាម Think Tank របស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងការវាយតម្លៃរបស់ខ្លួនថា តាមសេចក្តីរាយការណ៍ ទីបញ្ជាការយោធារុស្ស៊ី កំពុងផ្ទេរកងកម្លាំងដែលពុំបានបញ្ជាក់ចំនួន ពីទិសដៅទីក្រុង Kherson ទៅទិសដៅទីក្រុង Kharkiv ។