តុលាការប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យ បានចេញការកាត់ទោសប្រហារជីវិតអ្នកជួញដូរគ្រឿងញៀនចំនួនប្រាំពីរនាក់ រួមទាំងជនបរទេសម្នាក់។ សេចក្ដីថ្លែងការណ៍របស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃក្រុមប្រឹក្សាតុលាការកំពូល ដោយពុំបានបញ្ជាក់អំពីសញ្ជាតិរបស់ជនបរទេសរូបនេះ បាននិយាយថា តុលាការព្រហ្មទណ្ឌមជ្ឈឹម បានចេញសាលក្រមកាត់ទោសប្រហារជីវិតអ្នកជួញដូរគ្រឿងញៀនចំនួនប្រាំពីរនាក់ រួមទាំងជនបរទេសម្នាក់ ដែលត្រូវបានកាត់ទោសពីបទជួញដូរសារធាតុញៀន។ សេចក្តីថ្លែងការណ៍ បាននិយាយថា អ្នកជាប់ទោស ត្រូវបានកាត់ទោសប្រហារជីវិត ពីបទនាំចូលនិងនាំចេញ សារធាតុញៀន ពីបណ្តាប្រទេសជិតខាង។

ភាពចលាចល និងជម្លោះ ដែលបានរួមរឹតប្រទេសអ៊ីរ៉ាក់ ចាប់តាំងពីការវាយលុករបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០៣ បានរារាំងរដ្ឋាភិបាលអ៊ីរ៉ាក់ ពីការដោះស្រាយដោយប្រសិទ្ធភាពចំពោះការគំរាមកំហែងនៃគ្រឿងញៀន។
កាលពីខែឧសភា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ម៉ូហាម៉េដ សៀ អាល់ ស៊ូដានី(Mohammed Shia al-Sudani) បានបញ្ជាក់អំពីសារៈសំខាន់នៃ «ការធ្វើសង្គ្រាមប្រឆាំងគ្រឿងញៀន» ដោយនិយាយថា ការជួញដូរគ្រឿងញៀន នៅតែជាមធ្យោបាយសំខាន់មួយនៃការផ្តល់ហិរញ្ញវត្ថុដល់សកម្មភាពភេរវកម្ម ហើយចរាចរគ្រឿងញៀនធ្វើឲ្យរីកចម្រើននៅក្នុងស្រមោលនៃអំពើភេរវកម្ម។

