ប្រធានាធិបតីប្រទេសកូឡុំប៊ី លោក ហ្គាស្តាវ៉ូ ប៉េត្រូ(Gustavo Petro) បានប្រកាសនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា ប្រទេសរបស់លោក នឹងផ្អាកការនាំចេញធ្យូងថ្មទៅកាន់ប្រទេសអ៊ីស្រាអែល ដោយសារតែការវាយប្រហាររបស់ប្រទេសនេះលើតំបន់ហ្កាហ្សាស្ទ្រីប ដែលលោកបានហៅជាថ្មីម្តងទៀតថាជា «អំពើប្រល័យពូជសាសន៍»។

សេចក្តីព្រាងក្រិត ដែលចែករំលែកដោយក្រុមហ៊ុនលោក Petro នឹងត្រូវបានផ្សព្វផ្សាយដោយក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ នៅលើគេហទំព័ររបស់ខ្លួននៅចន្លោះថ្ងៃទី ១១ និង១៧ ខែមិថុនា សម្រាប់មតិយោបល់ មុនពេលចូលជាធរមាន។
ទិន្នន័យផ្លូវការបង្ហាញថា ប្រទេសកូឡុំប៊ី បាននាំចេញធ្យូងថ្មមានតម្លៃចំនួន៤៤៧លានដុល្លារ ទៅកាន់ប្រទេសអ៊ីស្រាអែល ក្នុងឆ្នាំ២០២៣ ដែលធ្លាក់ចុះ៥៧ភាគរយពីឆ្នាំ២០២២ ខណៈក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៤ ធ្យូងថ្មមានតម្លៃចំនួន ៨៨លានដុល្លារ ត្រូវបាននាំចេញទៅកាន់ប្រទេសអ៊ីស្រាអែល។
ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះជុំថ្មី រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ទំនាក់ទំនងរវាងប្រទេសកូឡុំប៊ី និងអ៊ីស្រាអែល កាន់តែមានភាពតានតឹង។ លោក Petro បានរិះគន់អ៊ីស្រាអែលម្តងហើយម្តងទៀត និងបានអំពាវនាវឱ្យប្រទេសនៅអាមេរិកឡាទីនផ្សេងទៀត ចូលរួមជាមួយប្រទេសកូឡុំប៊ី ដើម្បីថ្កោលទោសប្រទេសអ៊ីស្រាអែល។

នៅក្នុងសុន្ទរកថា កាលពីថ្ងៃទី១ខែឧសភា លោក Petro បានប្រកាសពីការផ្តាច់ទំនាក់ទំនងផ្នែកការទូតរបស់ប្រទេសកូឡុំប៊ី ជាមួយប្រទេសអ៊ីស្រាអែល។