ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម ខូវ ឆាយ បានប្រកាសមិនស្វាគមន៍កីឡាករ Dave Leduc ឡើងសង្វៀននៅកម្ពុជាដាច់ខាត បន្ទាប់ពីឯកឧត្តមបានមើលឃើញកីឡាករ Lethwai របស់មីយ៉ាន់ម៉ារូបនេះ បានបង្កបញ្ហាម្ដងហើយម្ដងទៀត ដោយគ្មានអ្វីចំណេញដល់ការជួយផ្សព្វផ្សាយគុនខ្មែរ ក្រៅពីគិតប្រយោជន៍ផ្ទាល់ខ្លួនជាធំប៉ុណ្ណោះ ។
ការប្រកាសជំហរដ៏ម៉ឹងម៉ាត់នេះ បន្ទាប់ពីកីឡាករ Dave Leduc បានបង្ហាញពីបំណងឡើងសង្វៀនវិញ ដែលជាការប្រកួតនៅកម្ពុជា ជាមួយនឹងតម្លៃខ្លួន ១លានដុល្លារទើបព្រមប្រកួត ។ ឯកឧត្តម ខូវ ឆាយ បានចាត់ទុកការទាមទារនេះ គឺជាការទាមទារដើម្បីប្រយោជន៍ផ្ទាល់ខ្លួន មិនមែនដើម្បីជួយផ្សព្វផ្សាយគុនខ្មែរនោះទេ ។ លើសពីនេះ ឯកឧត្តមរឹតតែមិនគាំទ្រឲ្យមានការលើកឡើងពីបញ្ហាគុនខ្មែរ និងមួយថៃ ដែលនាំឲ្យមានការរើសអើងពូជសាសន៍ថែមទៀត ។ ដូច្នេះដរាបណាឯកឧត្តមនៅជាប្រធានសហព័ន្ធ គ្មានថ្ងៃ Dave Leduc បានឡើងសង្វៀននៅកម្ពុជាឡើយ ។

បន្ថែមលើនេះ ឯកឧត្តមប្រធានសហព័ន្ធ ចាត់ទុកវត្តមានរបស់ Dave Leduc ដែលកំពុងស្នាក់អាស្រ័យនៅកម្ពុជា គ្រាន់តែជាការអស់ផ្លូវទៅប៉ុណ្ណោះ ។ មួយវិញទៀត ឯកឧត្តមបានសម្ដែងការហួសចិត្តជាខ្លាំង ដែលកីឡាករដើមកំណើតជនជាតិកាណាដារូបនេះ យកកម្មវិធីគុនខ្មែរ ដែលមានវត្តមានស្ដេចប្រដាល់ពិភពលោក Manny Paquiao ចូលរួមជាភ្ញៀវកិត្តិយស ដើម្បីផ្សព្វផ្សាយក្បាច់គុនខ្មែរ Lethwai ទៅវិញ ។ តាមរយៈនេះ ឯកឧត្តម ខូវ ឆាយ បានអំពាវនាវឲ្យអ្នកគាំទ្រគុនខ្មែរ ឈប់ចាប់អារម្មណ៍បុគ្គលនេះ ដ្បិតរូបគេមិនស័ក្ដិសមទទួលបានការកោតសរសើរពីពលរដ្ឋខ្មែរឡើយ ។

គួរដឹងថា ក្រោយប្រកួតស្មើជាមួយអ្នកលេងគុនខ្មែរ ព្រំ សំណាង កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ Dave Leduc ក៏បានប្រកាសចូលនិវត្តន៍ ។ ទើបតែថ្មីៗនេះ រូបគេចង់ឡើងប្រកួតវិញនៅកម្ពុជា តែលុះត្រាមានការហ៊ានឲ្យតម្លៃខ្លួន ១លានដុល្លារ ទើបរូបគេព្រមប្រកួត ។ បច្ចុប្បន្ន Dave Leduc កំពុងរស់នៅកម្ពុជាប្រមាណជិត ៣ខែមកហើយ ដោយកំពុងដំណើរការបើកអាជីវកម្មផ្ទាល់ជាក្លិបកីឡាមួយ ដែលមានឈ្មោះថា «ដាវ» ទៀតផង ៕ អត្ថបទ លី ឈុនឡា