ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធី បិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំនាព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការដាក់ចេញគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការ គឺសំដៅបង្កើនប្រសិទ្ធភាព ការរៀបចំយន្តការ និងប្រព័ន្ធការងាររបស់រាជរដ្ឋាភិបាលឱ្យបានល្អ និងធានាបានការបម្រើប្រជាពលរដ្ឋឱ្យបានលឿន និងប្រកបដោយប្រសិទ្ធភាព បង្ខិតសេវាឱ្យទៅកៀកជាមួយប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។

សម្តេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បន្តថា ការរៀបចំដាក់ចេញនូវប្រព័ន្ធច្រកចេញចូលតែមួយបានជួយកាត់បន្ថយពេលវេលា កាត់បន្ថយចំណាយ កាត់បន្ថយការិយាធិបតេយ្យ និងដើម្បីបង្កើនប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។
សម្ដេចបន្តថា ដូច្នេះការកែទម្រង់គឺធ្វើឡើងដោយផ្អែកលើទិសដៅច្បាស់លាស់ ពោលគឺចាប់តាំងពីការរំដោះពីរបបប្រល័យពូជសាសន៍ពលពតមក រដ្ឋាភិបាលមានទិសដៅធ្វើឱ្យប្រទេសរឹងមាំឱ្យប្រជាជនកាន់តែមានជីវភាពល្អប្រសើរ និងលើកកម្ពស់សមត្ថភាពរបស់រាជរដ្ឋាភិបាលខ្លួនឯងក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អ។
សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដោយឈរលើមូលដ្ឋាននៃសមិទ្ធផល ដែលសម្រេចបានក្នុងរយៈពេល ២៥ ឆ្នាំ កន្លងមក និងការពិនិត្យវាយតម្លៃនិន្នាការតំបន់ និងសកលជាមួយនឹងការប្រមើលទៅមុខ២៥ឆ្នាំ សំដៅឆ្លើយតបនឹងបំណងប្រាថ្នាប្រជាជនឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ រាជរដ្ឋាភិបាលដាក់ចេញ «យុទ្ធសាស្ត្របញ្ចកោ» ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និង រក្សាចីរភាព សម្រាប់សង្គមជាតិកម្ពុជាទាំងមូល៕អត្ថបទ៖ វ៉ន ដារ៉ា