ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធី បិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំនាព្រឹកនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អភិបាលកិច្ចល្អ គឺជាការធានានូវការប្រតិបត្តិរួមគ្នា ប្រកបដោយសង្គតិភាព និងការទទួលខុសត្រូវ ដែលនឹងជួយធ្វើទំនើបកម្មស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងក្រោមជាតិឱ្យក្លាយទៅជារដ្ឋបាលទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបន្តថា ការអនុវត្តសិទ្ធិអំណាចរដ្ឋ ជាពិសេសការធានានិរន្តរភាពតាមរយៈការអនុវត្តសិទ្ធិអំណាច និងដំណើរការអនុវត្តរដ្ឋបាលសាធារណៈដោយយកចិត្តទុកដាក់លើផលប្រយោជន៍របស់ប្រជាជន និងការវិវត្តនៃសង្គមសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព គឺជាអ្វីដែលស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
សម្តេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ និងអាណត្តិទី៧នេះ បានធ្វើវិមជ្ឈការ និងវិសហមជ្ឈការទៅថ្នាក់ក្រោមជាតិ គឺដើម្បីផ្ដល់សេវាបម្រើប្រជាពលរដ្ឋឱ្យទៅដល់គ្រប់ទីកន្លែង និងរឹតតែល្អនៅថ្នាក់ក្រោមជាតិ។
សម្តេចធិបតីបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងធ្វើទំនើបកម្មលើការផ្ដល់សេវាដល់ប្រជាពលរដ្ឋពីថ្នាក់ជាតិទៅដល់ថ្នាក់ក្រោមជាតិ ដូចជាការចុះបញ្ជីពាណិជ្ជកម្មអាជីវកម្មរបស់ប្រជាពលរដ្ឋ គឺអាចធ្វើឡើងបានតាមរយៈប្រព័ន្ធឌីជីថល ឬអ៊នឡាញ។
សូមជម្រាបថា គោលនយោបាយស្នូលនៃ «យុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល គឺការពង្រឹងអភិបាលកិច្ច ហើយដើម្បីធ្វើឱ្យអភិបាលកិច្ចមានភាពល្អប្រសើរ គឺត្រូវការកត្តាសំខាន់ចំនួនពីរ គឺយន្តការ និងមនុស្ស។
សម្តេចធិបតី នាយករដ្ឋមន្រ្ដីបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំគណបក្សប្រជាជនកម្ពុជា តាំងពីថ្ងៃរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍មក រាជរដ្ឋាភិបាលមានគោលបំណងតែមួយ គឺប្រទេសជាតិមានភាពរឹងមាំ ជីវភាពប្រជាពលរដ្ឋកាន់តែល្អ និងលើកកម្ពស់សមត្ថភាពបម្រើរបស់មន្ត្រីរាជការកាន់តែល្អប្រសើរ ហើយការធ្វើទំនើបកម្មការផ្តល់សេវា គឺជាការយកចិត្តទុកដាក់ខ្ពស់មួយរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន៕អត្ថបទ៖ វ៉ន ដារ៉ា