កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គ្រោងនឹងជួបពិភាក្សាគ្នានៅថ្ងៃចន្ទ (១០ មិថុនា) នេះ នៅទីក្រុងសេអ៊ូល ស្តីពីការសម្របសម្រួលឱ្យកាន់តែប្រសើរឡើងនូវការឆ្លើយតបនុយក្លេអ៊ែររបស់សម្ព័ន្ធមិត្ត ក្នុងអំឡុងពេលសង្រ្គាមជាមួយកូរ៉េខាងជើង ស្របពេលមានការព្រួយបារម្ភអំពីឃ្លាំងអាវុធដែលកំពុងកើនឡើងរបស់ទីក្រុងព្យុងយ៉ាង។

កិច្ចប្រជុំលើកទីបីនៃក្រុមប្រឹក្សានុយក្លេអ៊ែរ (NCG) នេះ ត្រូវបានរៀបចំឡើងដើម្បីបន្តតាមដានលើកិច្ចប្រជុំកំពូលកាលពីឆ្នាំមុន ក្នុងអំឡុងពេលដែលសហរដ្ឋអាមេរិក បានសន្យាថានឹងផ្តល់ឱ្យកូរ៉េខាងត្បូង នូវការយល់ដឹងបន្ថែមទៀតអំពីផែនការនុយក្លេអ៊ែររបស់ខ្លួនសម្រាប់ជម្លោះជាមួយកូរ៉េខាងជើង។
កិច្ចពិភាក្សានេះបានកើតឡើងនៅពេលដែលកូរ៉េខាងជើង កំពុងប្រណាំងប្រជែងឆ្ពោះទៅមុខដើម្បីជំរុញសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ខ្លួន និងប្រព័ន្ធចែកចាយ ដែលបង្កឱ្យមានចម្ងល់នៅក្នុងប្រទេសកូរ៉េខាងត្បូង អំពីការពឹងផ្អែករបស់ខ្លួនលើ «ការរារាំងបន្ថែម» ដែលជាខ្លឹមសារនៃឆ័ត្រនុយក្លេអ៊ែររបស់អាមេរិក។
អ្នកនយោបាយមួយចំនួន រួមទាំងសមាជិកជាន់ខ្ពស់មួយចំនួននៃគណបក្សរបស់លោកប្រធានាធិបតី យ៉ុន សុកយ៉ុល (Yoon Suk Yeol) បានអំពាវនាវឱ្យទីក្រុងសេអ៊ូល អភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងគំនិតនោះ។
កិច្ចពិភាក្សាចុងក្រោយនេះនឹងត្រូវដឹកនាំដោយលោក ឆូ ឆាងងេ (Cho Chang-rae) អនុរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងទទួលបន្ទុកគោលនយោបាយ និងលោក វីភីន ណារ៉ាង (Vipin Narang) ជំនួយការរដ្ឋមន្ត្រីការពារជាតិស្តីទីរបស់សហរដ្ឋអាមេរិក សម្រាប់គោលនយោបាយអវកាស៕

