គិតរហូតមកដល់បច្ចុប្បន្ននេះ មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀង សម្រាប់របបថែទាំសុខភាពបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សរុបចំនួន ១,៥៥០ មូលដ្ឋានក្នុងនោះមានដូចជា មន្ទីរពេទ្យថ្នាក់ជាតិចំនួន ១១ , មន្ទីរពេទ្យបង្អែក ១២៤ , មណ្ឌលសុខភាព ១,២៧៨ , និងមន្ទីរពេទ្យឯកជន ចំនួន ១៣៧។
ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ សមាជិករបស់បេឡាជាតិសន្តិសុខសង្គមសរុបមានចំនួនជាង ២,២លាននាក់ ក្នុងនោះបុគ្គលស្វ័យនិយោជន៍មានចំនួនជាង ២០ម៉ឺននាក់។ ឯកឧត្តមបានបន្តថា ទៅថ្ងៃអនាគតខាងមុខ ប.ស.ស. នឹងពិនិត្យមើលលទ្ធភាពបន្ត ថាតើនៅបណ្តុំដែលមានសមាជិក ប.ស.ស. មានមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ដែរឬទេ ប្រសិនក្នុងករណីដែលមូលដ្ឋានសុខាភិបាលដែលចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. នៅឆ្ងាយ គឺនឹងអាចពិនិត្យលទ្ធភាពរកមូលដ្ឋានដែលនៅក្បែរៗសមាជិក ប.ស.ស. ដើម្បីបន្តកិច្ចសហការដើម្បីងាយស្រួលដល់ការប្រើប្រាស់សេវាបន្ថែមទៀត។
ជាមួយនេះ ឯកឧត្តមបណ្ឌិត បានអំពាវនាវសាធារណជនទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់អំពីការឆបោករបស់ជនខិលខូចមួយចំនួន ខណៈថ្មីៗនេះ មានជនអនាមិកបានបន្លំខ្លួនជាមន្រ្តី ប.ស.ស. ដោយប្រើប្រាស់រូបថត និងនិមិត្តសញ្ញា ប.ស.ស. ទាក់ទងទៅកាន់សមាជិកដោយផ្ទាល់ដោយភ្ជាប់នូវលេខគណនីធនាគារក្លែងរបស់ ប.ស.ស. និងផ្ញើរ ឃ្យូអរកូដ (QR Code) ផ្ទេរប្រាក់ក្លែងក្លាយដែលនាំឲ្យមានការភ័ណ្ឌច្រឡំ និងធ្វើឲ្យខាតបង់ថវិកាសមាជិក ប.ស.ស. ដែលត្រូវបង់ភាគទានរបបសន្តិសុខសង្គមមកបេឡាជាតិសុខសង្គម។
ពាក់ព័ន្ធបណ្ណ ប.ស.ស. ក្រុមប្រជាពលរដ្ឋមកពីតំបន់ខុសៗគ្នា បានឲ្យ ប៊ីធីវី ដឹងថា បណ្ណនេះ ពិតជាផ្តល់អត្ថប្រយោជន៍ច្រើន និងមានសារសំខាន់ខ្លាំងណាស់ ជាពិសេសនៅពេលមានបញ្ហាសុខភាព តម្រូវឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយលែងមានការបារម្ភអំពីការចំណាយប្រាក់កាក់ច្រើន។ ក្រុមប្រជាពលរដ្ឋ ក៏បានសម្តែងការអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃអនុវត្ត ឆ្នាំ២០០៨ រហូតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចំណាយប្រាក់ប្រមាណជាង ដល់សមាជិក ប.ស.ស. ចំនួនជាង ១២០លានដុល្លារអាម៉េរិក សម្រាប់ការព្យាបាលជំងឺ និងអត្ថប្រយោជន៍ផ្សេងៗទៀតសម្រាប់វិស័យសាធារណ និងវិស័យឯកជន។ ដោយឡែក សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. គិតចាប់ពីខែកក្កដា ឆ្នាំ២០២៣ រហូតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤ បានចំណាយប្រាក់ប្រមាណជិត ៣លានដុល្លារអាម៉េរិក សម្រាប់ការព្យាបាលជំងឺ និងអត្ថប្រយោជន៍ផ្សេងៗ៕ អត្ថបទ ឈិត បូរ៉ាវី





