នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អង់តូនី អាល់បានីស (Anthony Albanese) នៅថ្ងៃចន្ទ (១០ មិថុនា) នេះ បានថ្កោលទោសការបំផ្លិចបំផ្លាញលើស្ថានកុងស៊ុលសហរដ្ឋអាមេរិក នៅទីក្រុងស៊ីដនី (Sydney) បន្ទាប់ពីអគារនេះត្រូវបានធ្វើឱ្យខូចទ្រង់ទ្រាយដោយគំនូរក្រាហ្វិក នៅក្នុងអ្វីដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ហាក់ដូចជាការតវ៉ាគាំទ្រប៉ាឡេស្ទីន។

អគារនៅជាយក្រុងភាគខាងជើងនៃទីក្រុងធំជាងគេរបស់ប្រទេសអូស្ត្រាលីនេះ ត្រូវបានវាយប្រហារ និងបាញ់ថ្នាំពណ៌ដោយបុរសម្នាក់ នៅម៉ោងប្រហែល ៣ ទៀបភ្លឺ (ម៉ោងក្នុងស្រុក) ថ្ងៃចន្ទ។
លោក អាល់បានីស បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ពីទីក្រុងកង់បេរ៉ា នៅពេលសាកសួរអំពីឧបទ្ទវហេតុនោះថា «សកម្មភាពដូចជាការលាបពណ៌លើស្ថានកុងស៊ុលសហរដ្ឋអាមេរិក មិនអាចជួយជំរុញបុព្វហេតុនៃអ្នកប្រព្រឹត្តនូវឧក្រិដ្ឋកម្មដែលធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់អ្នកដទៃនេះបានឡើយ»។

នគរបាលបាននិយាយថា បង្អួចចំនួន ៩ នៃស្ថានកុងស៊ុលនោះបានរងការខូចខាត ហើយទ្វាររបស់អគារពោរពេញដោយគូសគំនូរក្រាហ្វិក។ អ្នកនាំពាក្យស្ថានកុងស៊ុលសហរដ្ឋអាមេរិក បានបញ្ជាក់ថាអគារនេះបានរងការខូចខាត ប៉ុន្តែបាននិយាយថាបុគ្គលិក និងប្រតិបត្តិការមិនមានការប៉ះពាល់ឡើយ។
រូបថតនៃស្ថានកុងស៊ុលនៅលើគេហទំព័ររបស់សារព័ត៌មាន ស៊ីដនី ម៉រនីង ហឺរ៉ល (Sydney Morning Herald) បានបង្ហាញរូបត្រីកោណពណ៌ក្រហម ដែលបាញ់ដោយស្ព្រាយពណ៌ នៅលើផ្នែកខាងមុខនៃអគារ ដែលនោះជានិមិត្តសញ្ញាត្រូវបានប្រើប្រាស់ដោយសកម្មជនគាំទ្រប៉ាឡេស្ទីនមួយចំនួន៕
