វិទ្យាស្ថានស្រាវជ្រាវមួយរបស់សហរដ្ឋអាមេរិក និយាយថា វៀតណាម បានពង្រីកទីតាំងឈរជើងរបស់ខ្លួនយ៉ាងឆាប់រហ័សនៅក្នុងសមុទ្រចិនខាងត្បូង ជាទីដែលប្រទេសនេះមានជម្លោះដែនទឹកជាមួយចិន និងប្រទេសផ្សេងៗទៀត។

មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) បានចេញផ្សាយការវិភាគរបស់ខ្លួននៃរូបភាពផ្កាយរណប និងទិន្នន័យផ្សេងទៀតដោយនិយាយថា វៀតណាមបានបង្កើតផ្ទៃដីទំហំ ២,៨ គីឡូម៉ែត្រក្រឡា ឆ្លងកាត់ដែនទឹក ១០ ទីតាំងនៅប្រជុំកោះស្ព្រាតលី (Spratly) ក្នុងរយៈពេលប្រាំមួយខែរហូតដល់ខែឧសភា។
វិទ្យាស្ថាននេះក៏និយាយដែរថា ការបូមខ្សាច់ និងការចាក់ដីសរុបរបស់ប្រទេសនេះបានឈានដល់ទំហំ ៦,៥ គីឡូម៉ែត្រក្រឡា ដែលស្មើនឹងប្រហែល ៤០ ភាគរយនៃផ្ទៃដីដែលចិនបានបង្កើតឡើងជាមួយនឹងការអះអាងសិទ្ធឡើងវិញរបស់ខ្លួន។ មជ្ឈមណ្ឌលនេះបន្ថែមថា គ្រឿងបរិក្ខារដូចជា ទីតាំងចតឧទ្ធម្ភាគចក្របណ្តោះអាសន្ន និងកំពង់ផែបានលេចឡើងនៅទីស្នាក់ការនោះ។
ទីក្រុងប៉េកាំង ទាមទារអធិបតេយ្យភាពស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូង។ ប្រទេសនេះបាននិងកំពុងអនុវត្តគម្រោងអះអាងសិទ្ធិឡើងវិញនៅប្រជុំកោះ ស្ព្រាតលី ដើម្បីប្រែក្លាយតំបន់ថ្មប៉ប្រះទឹក មីសឆីហ្វ (Mischief) និងដែនទឹក ស៊ូប៊ី (Subi) ឱ្យទៅជាទីតាំងយោធា។ វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងកោះតៃវ៉ាន់ ក៏កំពុងសាងសង់កំពង់ផែ និងផ្លូវរត់របស់យន្តហោះនៅលើថ្មប៉ប្រះទឹកដែលពួកគេគ្រប់គ្រងផងដែរ៕
