យោធាអាមេរិកបាននិយាយថា យន្តហោះដឹកទំនិញរបស់អាមេរិក បានទម្លាក់ជំនួយបរិមាណច្រើនជាង ១០ តោនទៅកាន់ភាគខាងជើងតំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ (០៩ មិថុនា) បន្ទាប់ពីផ្អាកការដឹកជញ្ជូនបែបនេះ ដោយសារតែប្រតិបត្តិការរបស់អ៊ីស្រាអែល នៅក្នុងតំបន់នោះ។

ប្រជាជននៅតំបន់ហ្កាហ្សា កំពុងត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង បន្ទាប់ពីជម្លោះដ៏បង្ហូរឈាមរយៈពេលប្រាំបីខែ ហើយសហរដ្ឋអាមេរិកបានងាកទៅរកការផ្តល់ជំនួយតាមផ្លូវអាកាស និងផ្លូវសមុទ្រ ខណៈដែលអ៊ីស្រាអែល បានពន្យារពេលការផ្តល់ជំនួយតាមរយៈដីគោក។
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (Centcom) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះដឹកទំនិញ បានផ្តល់ «ជំនួយមនុស្សធម៌សង្គ្រោះជីវិតនៅភាគខាងជើងហ្កាហ្សា។ រហូតមកដល់បច្ចុប្បន្ន សហរដ្ឋអាមេរិក បានទម្លាក់ជំនួយមនុស្សធម៌ជាង ១.០៥០ តោន» បន្ថែមពីលើជំនួយដែលផ្តល់តាមរយៈផែបណ្តោះអាសន្ន ដែលភ្ជាប់ទៅនឹងឆ្នេរសមុទ្រហ្កាហ្សា។
មន្ទីរបញ្ចកោណបាននិយាយកាលពីចុងខែឧសភាថា កត្តារួមទាំងប្រតិបត្តិការរបស់អ៊ីស្រាអែល និងលក្ខខណ្ឌអាកាសធាតុកំពុងប៉ះពាល់ដល់ប្រតិបត្តិការជំនួយនេះ។ ការទម្លាក់ជំនួយពីយន្តហោះចុងក្រោយបំផុតនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីការផ្តល់ជំនួយត្រូវបានចាប់ផ្តើមឡើងវិញតាមរយៈផែបណ្ដោះអាសន្ន ដែលត្រូវបានខូចខាតដោយអាកាសធាតុអាក្រក់នៅក្នុងខែឧសភា ហើយត្រូវបានយកទៅជួសជុលនៅក្នុងកំពង់ផែក្បែរនោះ មុនពេលត្រូវបានភ្ជាប់ទៅកាន់ឆ្នេរសមុទ្រវិញ៕

