រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) គ្រោងនឹងទៅដល់ទីក្រុងគែរ នៅថ្ងៃចន្ទ (១០ មិថុនា) ក្នុងពេលដ៏សំខាន់មួយ ខណៈដែលក្រុងវ៉ាស៊ីនតោន ស្វះស្វែងរកការបង្កើនសម្ពាធលើក្រុមហាម៉ាស និងអ៊ីស្រាអែល ដើម្បីឈានដល់បទឈប់បាញ់នៅតំបន់ហ្កាហ្សា និងធានាថាសង្រ្គាមមិនរីករាលដាលដល់ប្រទេសលីបង់។

នៅក្នុងដំណើរទស្សនកិច្ចលើកទីប្រាំបីរបស់ខ្លួនទៅកាន់តំបន់នេះចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាសបានវាយប្រហារអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ដែលបង្កឱ្យមានការបង្ហូរឈាមបំផុតនៅក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន អស់រយៈពេលជាច្រើនទសវត្សរ៍មកនោះ ប្រមុខអ្នកការទូតរបស់សហរដ្ឋអាមេរិករូបនេះក៏គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ហ្ស៊កដានី និងកាតា ផងដែរក្នុងសប្តាហ៍នេះ។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃទី៣១ ឧសភា បានគូសបញ្ជាក់អំពីសំណើបទឈប់បាញ់បីដំណាក់កាល មួយពីអ៊ីស្រាអែល។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាធូ មីលឡឺ (Matthew Miller) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា លោក ប្លីងខិន ក្នុងអំឡុងពេលធ្វើដំណើរសប្តាហ៍នេះ នឹងពិភាក្សាជាមួយដៃគូអំពីតម្រូវការក្នុងការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ដែលធានាការដោះលែងចំណាប់ថ្នូរទាំងអស់ ក៏ដូចជាតម្រូវការដើម្បីការពារជម្លោះកុំឱ្យកើនឡើងបន្ថែមទៀត។
ក្រុមមន្ត្រីអាមេរិកនិយាយថា ដោយសារសំណើបទឈប់បាញ់នោះជាផែនការរបស់អ៊ីស្រាអែល គេរំពឹងថាអ៊ីស្រាអែល ទំនងជាទទួលយកវា ប៉ុន្តែកាតា បាននិយាយថា អ៊ីស្រាអែលចាំបាច់ត្រូវផ្តល់ជំហរច្បាស់លាស់លើផែនការនោះ ដែលតំណាងឱ្យរដ្ឋាភិបាលទាំងមូល ខណៈអ្នកមួយចំនួនក្នុងគណៈរដ្ឋមន្រ្តីអ៊ីស្រាអែល បានប្រឆាំងមិនឱ្យមានបទឈប់បាញ់៕

