អាមេរិក៖ ភ្លើងឆេះព្រៃដ៏ធំបំផុតតែមួយគត់ ដែលបានកត់ត្រានៅក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ California នៅតែបន្តឆេះរាលដាលពាសពេញព្រៃកាលពីថ្ងៃអង្គារ ខណៈក្រុមពន្លត់អគ្គិភ័យព្យាយាមការពារសហគមន៍ជនបទ ពីអណ្ដាតភ្លើងដែលបានបំផ្លាញលំនៅឋានរាប់រយខ្នង។

ផ្ទៃមេឃស្រឡះពីផ្នែកខ្លះនៃភ្លើងឆេះព្រៃ Dixie Fire ដែលមានអាយុកាល ១ខែបានអនុញ្ញាតឱ្យយន្តហោះចូលរួមជាមួយអ្នកពន្លត់អគ្គិភ័យជិត ៦.០០០នាក់នៅក្នុងការពន្លត់អណ្ដាតភ្លើងនៅសប្ដាហ៍នេះ។ អ្នកនាំពាក្យនាយកដ្ឋានពន្លត់អគ្គិភ័យ លោក Edwin Zuniga និយាយថា មិនថាយើងអាចហោះហើរបាន ឬក៏អត់ វាអាស្រ័យលើកន្លែងដែលមានផ្សែងច្រើន។ តំបន់ខ្លះនៅតែមានផ្សែងក្រាស់ខ្លាំង។
ក្រុមមន្ត្រីពន្លត់អគ្គិភ័យបាននិយាយថា ផ្សែងក្រាស់រំខានដល់ការមើលផ្លូវនៅតំបន់ភាគខាងលិចផុតនៃតំបន់ដែលភ្លើងកំពុងឆេះ ខណៈភាគខាងកើតផុតបានមើលឃើញពីការឆាបឆេះឡើងវិញ នៅពេលខ្យល់ពេលរសៀលបានបក់ខ្លាំង។ ការឆេះរាលដាលលើដើមឈើកម្ពូតព្រៃ និងវាលស្មៅស្ងួតៗកាលពីថ្ងៃអង្គារបានបំផ្លាញអគារជាង ១.០០០ខ្នងរួមទាំងផ្ទះជិត ៥៥០ខ្នង៕
អត្ថបទ៖ សុខមាន