ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា គិតក្នុងខែឧសភា ឆ្នាំ២០២៤ ក្នុងចំណោមគម្រោងវិនិយោគចំនួន២៥ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែកជិត៥០% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ប្រមាណជិត ៣១% នៃទុនវិនិយោគសរុប។
នៅក្នុងសេចក្តីប្រកាសព័តមាន ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ក្នុងខែឧសភា ឆ្នាំ២០២៤ បានអនុម័តគម្រោងថ្មីចំនួន២៤គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ១៥ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំង២៥ គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៧គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង។
ប្រភពដដែល បានរៀបរាប់ថា ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែឧសភារួមមាន ក្រៅតំបន់សេដ្ឋកិច្ចពិសេស៖ ១.មានគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅភូមិព្រៃជ្រៅ ឃុំក្បាល ទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណជាង ៦៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៥កន្លែង។ ២.គម្រោងវិនិយោគបង្កើតរោងចក្រស្ល និងកែច្នៃលោហធាតុ ដែលមានទីតាំងស្ថិតនៅភូមិតានៃឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណជាង ២៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣១៧កន្លែង។ ៣.គម្រោងវិនិយោគបង្កើតរោងចក្រផលិតបំពង់ទីបដែក ដែលមានទីតាំងស្ថិតនៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណជាង ១៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២២៩កន្លែង។
ដោយឡែក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រួមមាន៖ ១.គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសជាំងស៊ូ ផ្លូវជាតិលេខ៦ ក្នុងទុនវិនិយោគចំនួន ២៥លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានចំនួន ៦៨៤កន្លែង៕ អត្ថបទ ឈិត បូរ៉ាវី


