នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤ នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ។
ឆ្លើយតបទៅនឹងសេចក្តីប្រកាស ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សា អាណត្តិ ទី៣ និងបន្តដឹកនាំនៅអាណត្តិទី៤ថ្មី បានប្តេជ្ញាគោរព និងអនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល- ទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ដោយប្រតិបត្តិដោយភក្ដីភាពស្ម័គ្រស្មោះចំពោះរាជរដ្ឋាភិបាល និងប្រជាជន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងរួមចំណែកពង្រឹងរដ្ឋបាលឯកភាពខេត្ត ដើម្បីម្ចាស់ការ និងការទទួលខុសត្រូវ ក្នុងការគ្រប់គ្រងចាត់ចែងអនុវត្តមុខងារ ជាកាតព្វកិច្ច មុខងារជាជម្រើស និងធនធាននានា ទាំងខាង បញ្ញត្តិ និងខាងប្រតិបត្តិ សំដៅលើកកម្ពស់សមត្ថភាព និងការអភិវឌ្ឍស្ថាប័ន ព្រមទាំងការផ្តល់សេវារដ្ឋបាល សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យឆាប់រហ័សទាន់ពេលវេលា មានតម្លាភាព គណនេយ្យ- ភាព សង្គតិភាព សមធម៌ និងបរិយាបន្ន។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងសេចក្តីសោមនស្សរីករាយ និងអបអរសាទរដល់ក្រុមប្រឹក្សាចំនួន ២៥រូប ដែលត្រូវប្រកាសចូលកាន់តំណែង។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលដៅរួមគ្នា ក្នុងការផ្តល់សេវាសាធារណៈ ធានាសន្តិសុខសុវត្ថិភាព លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ។ បើតាមឯកឧត្តមរដ្ឋមន្ដ្រី ដើម្បីសម្រេចការងារបាម ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវសហការល្អ ធ្វើការជាមួយគ្នាប្រកបដោយទទួលខុសត្រូវខ្ពស់ និងមានភាពម្ចាស់ការ។
ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដល់ក្រុមប្រឹក្សាត្រូវធ្វើការជាមួយអភិបាលខេត្តថ្មីឱ្យបានជិតស្និទ្ធ ទាន់ពេល ត្រូវមានរបបប្រជុំតាមការកំណត់ និងត្រូវបំពេញកាតព្វកិច្ចស្របតាមនីតិវិធីច្បាប់ជាធរមាន។
លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្រុមប្រឹក្សាខេត្តត្រូវប្រជុំរៀបចំផែនការអភិវឌ្ឍខេត្ត ដាក់ចេញកម្មវិធីកំណែទម្រង់នានាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិនិត្យការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែខិតជិតនិងកាន់តែប្រសើរ ព្រមទាំងធានាគ្រប់គ្រងសន្តិសុខសុវត្ថិភាពមូលដ្ឋាន និងចុះមូលដ្ឋានផ្ទាល់ ដើម្បីដឹងពីសុខទុក្ខ និងដោះស្រាយបញ្ហាជូនពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕ អត្ថបទ រឿង ចន្ទ្រា






