ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោកមីកាមិ ម៉ាសាហ៊ីរ៉ូ បានកោតសរសើរចំពោះវិធានការ ដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាកូវីដ–១៩ និងវិធានការដោះស្រាយផលប៉ះពាល់ដោយជំងឺរាតត្បាតនេះ ព្រោះថាបានជួយដោះស្រាយទាំងបញ្ហាសង្គម និងសេដ្ឋកិច្ច។ ការកោតសរសើរនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកអ៊ិត សំហេង នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។
ជាការឆ្លើយតប លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ដោយសារបច្ចុប្បន្នពិភពលោកទាំងមូល រួមទាំងកម្ពុជាផងនោះ កំពុងជួបប្រទះនូវវិបត្តិជំងឺកូវីដ–១៩ បានធ្វើឱ្យវិស័យការងារ វិស័យទេសចរណ៍ និងវិស័យមួយចំនួនទៀត នៅកម្ពុជាជួបប្រទះនូវវិបត្តិមួយចំនួន ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកញ្ចប់វិធានការ ដែលមកដល់ពេលនេះ បានទម្លាក់កញ្ចប់វិធានការទី៦ហើយ ដើម្បីដោះស្រាយផលប៉ះពាល់ជូនកម្មករនិយោជិត និយោជក និងប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិតដែលព្យួរការងារ និងបាត់បង់ការងារ ដើម្បីពួកគាត់អាចដោះស្រាយបាននូវបញ្ហាជីវភាព និងស្វែងរកបាននូវឱកាសការងារថ្មី។
លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះភាគីជប៉ុនដែលបានយកចិត្តទុកដាក់ដល់សិក្ខាកាម និងកម្មករជំនាញកម្ពុជា ព្រមទាំងអនុញ្ញាតឱ្យចេញចូលជប៉ុនតាមរយៈវិធានការធ្វើចត្តាឡីស័កនៅផ្ទះ។ តាមគ្រោងទុកកម្ពុជានឹងបញ្ជូនសិក្ខាកាម និងកម្មករជំនាញដែលបានបណ្តុះបណ្តាលរួចទៅជប៉ុនបន្ថែមទៀតក្នុងពេលឆាប់ៗ នៅពេលដែលភាគីទាំងពីរឯកភាពនូវមធ្យោបាយនិងនីតិវិធីក្នុងការធានាឱ្យបាន នូវការឆ្លងវីរ៉ុសកូវីដ–១៩៕


