
ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសរុស្ស៊ី កំពុងបង្កើនការការពារសម្រាប់ស្ពាន Kerch ជាមួយនឹងនាវាផ្ទុកទំនិញជាច្រើនគ្រឿង។
ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បានសរសេរនៅក្នុងការបញ្ជូនព័ត៌មានចរកម្មរបស់ខ្លួនថា៖«ការវិភាគរូបភាព បានកំណត់នូវការដំឡើងនាវាចំនួន ៨គ្រឿង នៅផ្នែកខាងត្បូងនៃស្ពាន Kerch»។
ក្រសួង បាននិយាយថា៖«នាវាទាំងនេះ ត្រូវបានដាក់ដោយកងកម្លាំងរុស្ស៊ីក្នុងកិច្ចប្រឹងប្រែង ដើម្បីការពារស្ពាននិងបណ្តាញដឹកជញ្ជូន ដោយកាត់បន្ថយការប្រឈមនឹងការវាយប្រហារដោយនាវាគ្មានមនុស្សបើករបស់អ៊ុយក្រែន(USVs)។
យោងតាមក្រសួងនេះ នាវាទាំងនោះ ត្រូវបានយកដាក់ពង្រាយ នៅចន្លោះថ្ងៃទី១០ ដល់ថ្ងៃទី២២ ឧសភា ។
នេះមិនមែនជាលើកទី១ទេ ដែលនាវាដឹកទំនិញជាច្រើនគ្រឿង ត្រូវបានយកមកដាក់នៅជិតស្ពាន ដែល តភ្ជាប់រុស្ស៊ីទៅកាន់តំបន់គ្រីម៉េ ដែលបានកាន់កាប់ដោយរុស្ស៊ីនោះ។ នេះបើយោងតាមក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស។
ទីភ្នាក់ងារចារកម្មអង់គ្លេស បាននិយាយថា៖«របាំងការពារជាច្រើនដែលបានដំឡើងពីមុន ត្រូវបានបំផ្លាញដោយខ្យល់ព្យុះ ដោយធ្វើប្រសិទ្ធភាពរបស់ពួកវាថយចុះទៅហើយ»។
ស្ពាន Kerch គឺជាសរសៃឈាមយោធាដ៏សំខាន់សម្រាប់ប្រជាជនរុស្ស៊ី ដែលពឹងផ្អែកលើវា ក្នុងការដឹកជញ្ជូនទំនិញយោធារបស់ពួកគេ ទៅកាន់តំបន់គ្រីម៉េ និងប្រទេសអ៊ុយក្រែនភាគនិរតី។