
យោធាអ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៣៧,០០០នាក់ នៅតំបន់ហ្កាហ្សា ស្របពេលយុទ្ធនាការ ដែលកំពុងបន្តរបស់ខ្លួនប្រឆាំងនឹងកងជីវពលប៉ាឡេស្ទីនហាម៉ាស។
ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស ៣៧.០៨៤នាក់ ត្រូវបានសម្លាប់ និង ៨៤.៤៩៤នាក់ បានរងរបួស ចាប់តាំងពីថ្ងៃទី៧ ខែតុលា។ ចំនួនអ្នកស្លាប់ បានកើនឡើងបន្ទាប់ពីការសម្លាប់រង្គាល នៅក្នុងជំរុំជនភៀសខ្លួន Al-Nusairat ដែលកងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ២៧៤នាក់ និងបណ្តាលឲ្យ ៦៩៨នាក់ រងរបួស។
ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖«នៅតែមានជនរងគ្រោះមួយចំនួនដែលមិនទាន់បានរាប់បញ្ចូល និងនៅលើផ្លូវដែលរថយន្តសង្គ្រោះបន្ទាន់ និងក្រុមការពារជនស៊ីវិល មិនអាចទៅដល់»។
សារព័ត៌មាន Al Jazeera បានរាយការណ៍ថា អ្នកដែលត្រូវបានសម្លាប់អំឡុងពេលការវាយប្រហាររបស់អ៊ីស្រាអែល រួមមានកុមារយ៉ាងហោចណាស់ ៦៤នាក់ ស្ត្រី ៥៧នាក់ និងមនុស្ស ៣៧នាក់ ដែលត្រូវបានគេចាត់ទុកថា ជាមនុស្សចាស់។ លើសពីនោះ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យថា ៩០ភាគរយនៃកុមារនៅហ្កាហ្សា កំពុងប្រឈមនឹង«ភាពក្រីក្រស្បៀងអាហារធ្ងន់ធ្ងរ»។