
តម្លៃប្រាក់អឺរ៉ូនៅតែបន្តធ្លាក់ចុះដដែល គិតត្រឹមថ្ងៃចន្ទ (ទី១០ ខែមិថុនា) នេះ ស្របពេលដែលប្រធានាធិបតីបារាំង លោក Emmanuel Macron បានអំពាវនាវឲ្យមានការបោះឆ្នោតដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីបានរងបរាជ័យ នៅក្នុងការបោះឆ្នោតរបស់សហភាពអឺរ៉ុប (EU) ដោយសារពួកស្តាំនិយម ខណៈដែលប្រាក់ដុល្លារអាមេរិក មិនមានអ្វីប្រែប្រួលនោះឡើយ នៅមុនពេលកិច្ចប្រជុំរបស់ធនាគារកណ្តាល នាចុងសប្តាហ៍នេះ។
ប្រាក់អឺរ៉ូបានធ្លាក់ចុះដល់តម្លៃ ១,០៧៦៤ដុល្លារ ក្នុង ១អឺរ៉ូ ដែលជាតម្លៃទាបបំផុត គិតចាប់តាំងពីថ្ងៃទី៩ ខែឧសភា ក្នុងការជួញដូរដំបូង នៅតំបន់អាស៊ី។ រួបិយប័ណ្ណនេះបានធ្លាក់ចុះចុងក្រោយ ០,២៤ភាគរយ ពោលគឺនៅតម្លៃ ១,០៧៧៦ដុល្លារ ក្នុង ១អឺរ៉ូ ខណៈដែលអ្នកវិនិយោគបានថ្លឹងថ្លែងផលប៉ះពាល់ពីភាពមិនច្បាស់លាស់ផ្នែកនយោបាយជាថ្មី នៅក្នុងប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតទី២ របស់តំបន់ចាយប្រាក់អឺរ៉ូ នៅក្នុងឆ្នាំបោះឆ្នោតដ៏សំខាន់។
ការស្ទង់មតិពីកន្លែងបោះឆ្នោតជារួម បានបង្ហាញថា ក្រុមអ្នកជាតិនិយម Eurosceptic ទទួលបានជ័យជម្នះយ៉ាងធំធេងបំផុត សម្រាប់ការបោះឆ្នោតសភាអឺរ៉ុបនៅក្នុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យ (ទី៩ ខែមិថុនា) ដែលលទ្ធផលនេះជំរុញឲ្យលោក Macron ធ្វើការសម្រេចចិត្តយ៉ាងប្រថុយប្រថាន ដើម្បីព្យាយាមបង្កើតនូវសិទ្ធិអំណាចរបស់ខ្លួនឡើងវិញ។
លោក Mansoor Mohi-Uddin ប្រធានសេដ្ឋវិទូនៅធនាគារសិង្ហបុរី (Bank Of Singapore) បាននិយាយថា៖ «ការរំពឹងទុកនូវជ័យជម្នះរបស់ក្រុមស្តាំនិយមនៅក្នុងការបោះឆ្នោតមុនអាណត្តិរបស់ប្រទេសបារាំង អាចបន្តធ្វើឲ្យប្រាក់អឺរ៉ូរងសម្ពាធ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ប៉ុន្តែអត្រាប្តូរប្រាក់ ទំនងជានៅតែត្រូវបានរងឥទ្ធិពលដោយទិន្នន័យអតិផរណាអាមេរិក នៅសប្តាហ៍នេះ និងកិច្ចប្រជុំរបស់ FOMC (គណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធ)»។
គួរបញ្ជាក់ថា ធនាគារកណ្តាលអ៊ឺរ៉ុប បានកាត់បន្ថយអត្រាការប្រាក់កាលពីសប្តាហ៍មុន ដែលជាវិធានការត្រូវបានផ្ដល់សារទំនាក់ទំនងយ៉ាងល្អ ប៉ុន្តែបានផ្តល់ការណែនាំតិចតួចអំពីទស្សនវិស័យ សម្រាប់គោលនយោបាយរូបិយវត្ថុ ហើយដោយគិតលើអតិផរណានោះ កម្រិតនៅតែមានលើសពីគោលដៅដដែល៕