
ភ្លៀងធ្លាក់ខ្លាំង បានបង្កឲ្យកើតមានទឹកជំនន់ធ្ងន់ធ្ងរវាយប្រហារតំបន់ជាច្រើនរបស់ប្រទេសអូទ្រីស ជាពិសេសទីក្រុង Deutschfeistritz ។
រូបភាពវីដេអូឃ្លីបរបស់សាក្សី ឃើញដងផ្លូវ និងអគារ រងការជន់លិចនៅទីក្រុង Deutschfeistritz រដ្ឋ Styria ដែលជារដ្ឋធំបំផុតរបស់ប្រទេសអូទ្រីស ។
ការបង្ហោះសារនៅលើគេហទំព័រ Facebookរបស់ទីក្រុង Deutschfeistritz បានជំរុញឲ្យប្រជាពលរដ្ឋ មិនត្រូវចាកចេញពីផ្ទះរបស់ពួកគេឡើយ ដោយសារមានហានិភ័យដល់អាយុជីវិត ។
ដោយឡែក មណ្ឌលបោះឆ្នោតមួយចំនួនសម្រាប់ការបោះឆ្នោតសភាអឺរ៉ុប បានបិទនៅតំបន់នោះ ហើយអ្នកបោះឆ្នោត បានងាកទៅបោះឆ្នោតនៅតាមអគារសាលារៀនវិញ ។
អាកាសធាតុចាប់ផ្តើមល្អប្រសើរខ្លះវិញកាលពីចុងសប្តាហ៍នេះ តែទោះបីជាយ៉ាងណាក៏ដោយ វិទ្យាស្ថានឧតុនិយមអូទ្រីស បានព្យាករណ៍ថា ភ្លៀងនឹងបន្តធ្លាក់នៅថ្ងៃចន្ទ និងថ្ងៃអង្គារ ៕