
នេះគឺជាសកម្មភាពពេលយប់ដ៏សាមញ្ញនៃការស្រោចទឹកដើមផ្កានៅលើផ្លូវរបស់ខ្លួន ក្នុងទីក្រុងចាស់ Mosul ដែលបានធ្វើឲ្យពលរដ្ឋឈ្មោះ Saqr Zakaria ឈប់មួយស្របក់ ហើយគិតថា តើទីតាំងនៃបន្ទាយចុងក្រោយរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម (ISIS) មួយនេះ មានសុវត្ថិភាពកម្រិតប៉ុណ្ណា ចាប់តាំងពីទីក្រុងនេះត្រូវបានរំដោះ កាលពីឆ្នាំ២០១៧។
«ខ្ញុំបានគិតមួយស្របក់ តើនេះពិតអាចទៅរួចទេ?»។ នេះជាសម្ដីរបស់លោក Zakaria ដែលបានចាកចេញពីទីក្រុងនេះ ក្នុងឆ្នាំ២០០៥ ប៉ុន្តែបានវិលត្រឡប់មកបង្កើតមជ្ឈមណ្ឌលវប្បធម៌ គឺមូលនិធិ Baytna នៅឆ្នាំ២០១៨ ដែលនៅពេលនោះសាកសពរាប់ពាន់នាក់ នៅតែត្រូវបានយកចេញពីគំនរបាក់បែក។
គួរបញ្ជាក់ថា ក្រុមជីហាដបានប្រកាសពីរដ្ឋរបស់ព្រះចៅកាលិហ្វ នៅឯវិហារអ៊ីស្លាម Grand al-Nuri បន្ទាប់ពីបានកាន់កាប់ទីក្រុង Mosul កាលពី ១ទសវត្សរ៍មុន ដោយដាក់ទម្រង់សាសនាអ៊ីស្លាមជ្រុលនិយម ដែលជារបបបង្ហាញឲ្យឃើញនូវការសម្លាប់សមាជិកនៃក្រុមជនជាតិភាគតិច ហាមប្រាមការចាក់តន្ត្រី និងបំផ្លាញទីតាំងបុរាណវត្ថុនានា។
ផ្លូវលំជាច្រើន នៅក្នុងផ្នែកនៃទីក្រុងនេះ ដែលនៅតាមបណ្ដោយច្រាំងខាងលិចនៃទន្លេ Tigris បានក្លាយជាទីកន្លែងនៃការសម្លាប់ ការចាប់ពង្រត់ និងឧក្រិដ្ឋកម្មជាប្រចាំ រួមជាមួយនឹងការកើនឡើងនូវពួកបះបោរឥស្លាម បន្ទាប់ពីការលុកលុយដែលដឹកនាំដោយសហរដ្ឋអាមេរិកឆ្នាំ២០០៣។ ផ្នែកជាច្រើនត្រូវបានបំផ្លិចបំផ្លាញ ហើយជនស៊ីវិលរាប់ពាន់នាក់ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធ ដើម្បីរំដោះទីក្រុងនេះ។
ប៉ុន្តែយ៉ាងណាក្ដី ទោះបីជាមានជម្លោះផ្នែកនយោបាយ ការចោទប្រកាន់ពីអំពើពុករលួយ និងការពន្យារពេលការកសាងឡើងវិញក៏ដោយ ក៏សកម្មភាពរស់រវើកនៃទីក្រុងនេះ ឥឡូវនេះ កំពុងវិលត្រឡប់មកវិញហើយ ដោយភាពខ្ញៀវខ្ញារចាប់ផ្ដើមមានផ្នែកទាំងសងខាងនៃដងទន្លេ៕