អ្នកនាំពាក្យកងទ័ពកុងហ្គោ នៅទីក្រុង Beni និងមេដឹកនាំសង្គមស៊ីវិល បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់ក្រុមឧទ្ទាមអ៊ីស្លាមសង្ស័យកាលពីយប់ថ្ងៃសុក្រ លើភូមិប្រជាពលរដ្ឋនៅតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានកើនឡើងដល់ ៤១នាក់ ហើយលោកបានជំរុញឲ្យអ្នកភូមិបន្តស្នាក់នៅក្នុងផ្ទះ ។
បន្ទាប់ពីការវាយប្រហារ សមាជិកកងកម្លាំងប្រដាប់អាវុធសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោដឹកនាំដោយលោកវរសេនីយ៍ទោ Mak Hazukay ដែលជាអ្នកនាំពាក្យកងទ័ពនៅខេត្ត North Kivu បានល្បាតដោយថ្មើរជើងកាលពីថ្ងៃអាទិត្យ ។ បេសកកម្មរបស់ពួកគេ មានគោលដៅជំរុញឲ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ ហើយមិនត្រូវរត់ភៀសខ្លួននោះឡើយ បើទោះបីជាមានការហក់ឡើងខ្ពស់អំពើហិង្សាកាលពីពេលថ្មីៗនេះក៏ដោយ ។
លោក Hazukay និយាយថា ការវាយប្រហារនេះ ធ្វើឡើងដោយកងកម្លាំងសម្ព័ន្ធប្រជាធិបតេយ្យ(ADF) ដែលមានប្រភពនៅប្រទេសជិតខាងអ៊ូហ្គង់ដា និងជាអ្នកនៅពីក្រោយការវាយប្រហារដែលបានសម្លាប់មនុស្សយ៉ាងហោច ១៦នាក់ កាលពីដើមសប្តាហ៍មុន ។
កងកម្លាំង ADF ដែលបច្ចុប្បន្នមានមូលដ្ឋាននៅតំបន់ភាគខាងកើតកុងហ្គោ បានសន្យាភក្តីភាពចំពោះក្រុមរដ្ឋអ៊ីស្លាម និងបើកការវាយប្រហារជាញឹកញាប់ ធ្វើឲ្យអស្ថិភាពដល់តំបន់ ជាទីដែលក្រុមជីវពលធ្វើសកម្មភាព ។
លោក Fabien Kakule គឺជាមន្រ្តីក្នុងស្រុក និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមប្រដាប់អាវុធ បានប្រើប្រាស់កាំភ្លើង និងពូថៅ វាយប្រហារអ្នកភូមិនៅទីក្រុង Beni ស្ថិតក្នុងខេត្ត North Kivu កាលពីយប់ថ្ងៃសុក្រ ៕