
សារព័ត៌មាន Vedomosti បានរាយការណ៍នៅថ្ងៃចន្ទនេះ ដោយដកស្រង់ប្រភពការទូតមួយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង និងវៀតណាម ក្នុងប៉ុន្មាន សប្តាហ៍ខាងមុខនេះ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង លោក Alexander Matsegora បានថ្លែងទៅកាន់សារព័ត៌មាន Vedomostiថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ទៅកាន់ទីក្រុងព្យុងយ៉ាង នឹងកើតឡើង ហើយកំពុងត្រូវបាន«រៀបចំយ៉ាងហ្មត់ចត់»។
សារព័ត៌មាននេះ បានបញ្ជាក់ថា លោក ពូទីន អាចទៅបំពេញទស្សនកិច្ចនៅវៀតណាម នៅដើមខែមិថុនា ហើយភាគច្រើនទំនងជាភ្លាមៗ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសកូរ៉េខាងជើង។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី កាលពីខែកញ្ញា ឆ្នាំ មុន ដើម្បីពិភាក្សាជាមួយលោក ពូទីន។ លោកបានធ្វើដំណើរទៅមើលជ្ឈមណ្ឌលបាញ់បង្ហោះយានអវកាស Vostochny របស់រុស្ស៊ី នៅចុងខាងកើត ហើយលោក ពូទីន បានសន្យាថា នឹងជួយកូរ៉េខាងជើងបង្កើតផ្កាយរណប។
វិមានក្រឹមឡាំង បាននិយាយថា រុស្ស៊ីចង់កសាងភាពជាដៃគូជាមួយកូរ៉េខាងជើង «លើគ្រប់វិស័យ» ប៉ុន្តែមិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេទនៃដំណើរទស្សនកិច្ចនោះទេ។
ប្រទេសរុស្ស៊ី បានបង្កើនទំនាក់ទំនងជាមួយកូរ៉េខាងជើង និងប្រទេសផ្សេងទៀត ដែលមានអរិភាពជាមួយសហរដ្ឋអាមេរិក ដូចជាអ៊ីរ៉ង់ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមជាមួយអ៊ុយក្រែន ជាទំនាក់ទំនងដែលជាប្រភពនៃការព្រួយបារម្ភចំពោះលោកខាងលិច។