
កាលពីថ្ងៃអាទិត្យម្សិលមិញ មនុស្សរាប់ម៉ឺននាក់ បានជួបជុំគ្នានៅកណ្តាលរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាស្រ្ទីប ។
ក្រុមគាំទ្រប៉ាឡេស្ទីន នាំគ្នាកាន់បដា និងស្រែកពាក្យស្លោក បន្ទាប់ពីការវាយប្រហារកាលពីពេលថ្មីៗនេះរបស់អ៊ីស្រាអែលនៅទីក្រុង Rafah និងជំរំ Nuseirat ។
ឈ្មោះរបស់ក្មេងៗប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ សរសេរនៅលើកាតពណ៌ក្រហម ហើយនិងផ្តល់ឲ្យក្រុមបាតុករដែលដង្ហែក្បួននៅជិតវិមានជាតិប្រវត្តិសាស្រ្តរបស់ទីក្រុងហ្សាកាតា ។
អ៊ីស្រាអែល បានវាយប្រហារតំបន់ភាគកណ្តាលហ្កាហ្សាកាលពីថ្ងៃអាទិត្យ រយៈពេល ១ថ្ងៃក្រោយសម្លាប់ជនប៉ាឡេស្ទីន ២៧៤នាក់ អំឡុងការវាយឆ្មក់រំដោះចំណាប់ថ្នូរ ហើយរថក្រោះ រុលចូលកាន់តែជ្រៅទៅក្នុងទីក្រុង Rafah ដើម្បីបិទតំបន់ជាច្រើនៅទីក្រុងភាគខាងត្បូងមួយនេះ ។
ជនប៉ាឡេស្ទីន នៅតែតក់ស្លុតចំពោះចំនួនមនុស្សស្លាប់កាលពីថ្ងៃសៅរ៍ ដែលជាការស្លាប់មនុស្សច្រើនបំផុតក្នុងរយៈពេល ២៤ម៉ោង នៅក្នុងសង្រ្គាមហ្កាហ្សាអស់រយៈពេលជាច្រើនខែកន្លងមកនេះ ៕